(កណ្ដាល)៖ ផ្ដើមថ្ងៃដំដូង នៃថ្ងៃសិល៍របស់សាសនាអ៉ីស្លាមកម្ពុជា ពោលគឺថ្ងៃសុក្រទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ បន្ទាប់ពីបានបិទតាំងពីថ្ងៃទី១៧ ខែមីនា មក គ្រប់សាសនិកអ៉ីស្លាមកម្ពុជាទូទាំង ប្រទេសបានសំដែងការសប្បាយចិត្តឥតឧបមា ដែលសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យចូលថ្វាយបង្គុំឡើងវិញ ប៉ុន្តែគោរពតាមគោលការណ៍ណែនាំមួយចំនួន។ ថ្ងៃសុក្រនេះ គ្រប់វិហារសាសនាអ៉ីស្លាមជាង ៥០០នៅទូទាំងប្រទេស បានរៀបចំឱ្យមានការថ្វាយបង្គុំឡើងវិញ ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាក់ស្ដែងនេះ Fresh News សូមលើកយកទិដ្ឋភាពជាក់ស្ដែង នៃវិហារអ៉ីស្លាមមួយកន្លែងឈ្មោះអាល់អាហ្ស៊ីម ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ដែលភ្នាក់ងារប្រចាំខេត្តកណ្ដាល បានចុះមកផ្ដិតយករូបភាពនិងបានសម្ភាសន៍លោក ស៊ូ សេន អ៊ីម៉ាំខេត្តកណ្ដាលផងដែរ។

ឆ្លើយតបសំណួរមកកាន់ Fresh News លោក ស៊ូ សេន បានរៀបរាប់ថា អរគុណសន្តិភាព អរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់មកចំពោះសាសនិកអ៉ីស្លាមកម្ពុជា ដោយបានបើកឱកាសទូលាយ និងបានធ្វើសុខដុមនីយកម្មសាសនាបានល្អប្រសើរបំផុត។

លោកអ៊ីម៉ាំបន្តថា ជួសមុខសាសនិកអ៉ីស្លាមទាំងអស់ទូទាំងខេត្តកណ្ដាល សូមម្រាមដៃ១០អរគុណដល់សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាត្តឱ្យបើកវិហារសាសនាអ៉ីស្លាម ឡើងវិញ ដែលនេះសបញ្ជាក់ឱ្យឃើញពីតម្លៃនៃសន្តិភាព ភាពខ្លាំងរបស់ប្រមុខដឹកនាំដែលបានទប់ស្កាត់បានល្អបំតនៃជម្ងឺកូវីដ-១៩ ដ្បិតគិតមកដល់ថ្ងៃសុក្រ ទី១១ ខែកញ្ញានេះ អ្នកឆ្លងជម្ងឺកូវីដ-១៩ ត្រូវបានព្យាបាលជាសះស្បើយ ១០០%តែម្ដង ដែលដំណឹងនេះពិតជាល្បីកក្រើកទូទាំងពិភពលោកតែម្ដង ដែលកម្ពុជាជាប្រទេសតូចមែនពិត ប៉ុន្តែខ្លឹមខ្លាំង និងមានសមត្ថភាពខ្ពស់យ៉ាងពិតប្រាកដ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្ដេចតេជោ ហ៊ុន សែន។

លោក ស៊ូ សេន បន្តថា លោកបានដឹកនាំគណៈអ៊ីម៉ាំ ហាកឹម តួនតួន និងសាសនិកអ៉ីស្លាមទាំងអស់ដែលចូលមកវិហារនេះ គឺបានអនុវត្តន៍យ៉ាងខ្ចាប់ខ្ចួននូវវិធានការទាំងឡាយណា ដែលក្រសួងបានដាក់ចុះមក ខណៈពលរដ្ឋខ្មែរមូស្លីមនៅភូមិព្រែកតាពៅនេះ បានគោរពតាមការណែនាំបានយ៉ាងល្អឥតខ្ចោះ ហើយបន្តអនុវត្តន៍ជារៀងរាល់ថ្ងៃ តបការអំពាវនាវ របស់ម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនឹងសារនេះដែរ ក្រុមសាសនិខ្មែរមូស្លីម ដែលបានមកថ្វាយបង្គុំនៅថ្ងៃនេះ បានលើកម្រាមដៃ១០ ថ្លែងអំណរគុណទាំងទឹកភ្នែកព្រោះសប្បាយចិត្តពេក ដែលបានសម្ដេចតេជោប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរយកចិត្តទុកដាក់មកចំពោះខ្មែរមូស្លីមទាំងអស់ ហើយពិសេសនៅថ្ងៃសុក្រនេះ ជាថ្ងៃដ៏ឱឡារឹកណាស់ដែលសាសនិកអ៉ីស្លាម អាចឈានជលងចូលមកថ្វាយបង្គុំ នៅក្នុងវិហារសាសនាបាន ដែលប្រៀបបាននឹងឈានចូលកន្លែងដែលមហាល្អបរិសុទ្ធបំផុត នៃជីវិតសំរាប់គ្រប់សាសនិកអ៉ីស្លាមទាំងឡាយ។

គួរជម្រាបជូនថា ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ បានអនុញ្ញាតឲ្យបងប្អូនសាសនិកឥស្លាមកម្ពុជា គោរពប្រតិបត្តិ ថ្វាយបង្គំជំអាត់ឡើងវិញ ចាប់ពីថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ ចំនួន៤ ចំនួន ៤ចំអាត់សិន (៤ដង) ដោយត្រូវអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានរបស់ក្រសួងសុខាភិបាល។

ក្នុងលិខិតផ្លូវការមួយសន្លឹក នៃសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលដែល Fresh News ទទួលបាននារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ មានខ្លឹមសារជាអាថ៍ដូចខាងក្រោម៖

* ទី១៖ ពាក់ម៉ាស់ វាស់កម្ដៅ លាងដៃជាប្រចាំនឹងសាប៊ូ អាល់កុល ឬជេល និងមានគម្លាតពីគ្នាយ៉ាងតិច ១,៥ម៉ែត្រ។
* ទី២៖ សាសនិកឥស្លាមត្រូវយកកម្រាលថ្វាយបង្គុំពីផ្ទះសំរាប់ប្រើប្រាស់ផ្ទាល់ខ្លួន។
* ទី៣៖ ហាមក្មេង និងអ្នកមានជម្ងឺផ្សេងៗចូលរួម។
* ទី៤៖ ហាមចាប់ដៃគ្នានៅពេលគោរពគារវកិច្ច ដោយជំនួសជាការលើកដៃ និងនិយាយពាក្យស្វាគមន៍បែបឥស្លាមវិញ ហើយបែកគ្នាភ្លាមបន្ទាប់ពីបញ្ចប់ការថ្វាយបង្គុំរយៈពេល ២០ ឬ៣០នាទី។
* ទី៥៖ ការជួបជុំនៅថ្ងៃសុក្រ គឺការបួងសួងសេចក្ដីណែនាំខ្លីៗ មិនឱ្យលើសពី ៣០នាទី។
* ទី៦៖ ត្រូវរក្សាគម្លាតសង្គមដោយអនុញ្ញាត ឱ្យចូលថ្វាយបង្គុំប្រមាណ ៣០% នៃចំណុះទីតាំងវិហារនីមួយៗ។

ទន្ទឹមនឹងសារដ៍ខ្ពង់ខ្ពស់នេះ ក្រុមសាសនិកឥស្លាមកម្ពុជាទូទាំងប្រទេស បានសំដែងការអបអរសាទរ និងសប្បាយរីករាយយ៉ាងពន់ពេក ដោយបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន តែងតែគិតគូ យកចិត្តទុកដាក់មកដល់សាសនិកឥស្លាមកម្ពុជា និងបានបើកទូលាយ ព្រមទាំងអនុវត្តន៍បានល្អនូវគោលនយោបាយសុខដុមនីយកម្មបានល្អបំផុត៕