(កំពត)៖ លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា សម្រាប់ការអភិវឌ្ឍវិស័យជលផល ប្រកបដោយចីរភាព និងបរិយាប័ន្ន រដ្ឋបាលជលផល បាននិងកំពុងផ្តោតលើការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍវិស័យនេះ។

លោកថ្លែងបែបនេះ ក្នុងឱកាសបានចូលរួមបិទវគ្គបណ្តុះបណ្តាល ស្តីពី «សុវត្ថិភាពអាហារ និងវិធានការត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផលជលផល» នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ដោយមានការចូលរួមពី លោក Shetty Seetharama Thombathu ប្រធានផ្នែកបច្ចេកទេសនៃអង្គការយូនីដូ ប្រចាំនៅកម្ពុជា និងគ្រូ ព្រមទាំងសិក្ខាកាមពាក់ព័ន្ធ។

លោក អេង ជាសាន បានឱ្យដឹងថា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងភាពជាដៃគូជាមួយអង្គការសហប្រជាជាតិអភិវឌ្ឍន៍ឧស្សាហកម្ម ហៅកាត់ថា យូនីដូ កំពុងអនុវត្តនូវគម្រោងអភិវឌ្ឍជលផល ក្រោយប្រមូលផល ក្នុងកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ទ។ លោកបន្តថា វិស័យជលផលនៅកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ការបង្កើតការងារ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។

«ជាមួយនឹងចក្ខុវិស័យរយៈពេលវែង សម្រាប់ការអភិវឌ្ឍន៍វិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន រដ្ឋបាលជលផល បាននិងកំពុងផ្តោតលើការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍន៍វិស័យជលផល ដើម្បីធានាបាននូវខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាពសម្រាប់ផលិតផលជលផលទាំងគុណភាព និងបរិមាណ ខណៈដែលបច្ចុប្បន្ន ការងារជលផល បាននិងកំពុងរួមចំណែកយ៉ាងមានប្រសិទ្ធភាព ក្នុងការសម្រេចបាននូវកំណើនវិស័យកសិកម្ម»។ នេះជាការបញ្ជាក់របស់ ប្រធានរដ្ឋបាលជលផល។

ក្នុងន័យនេះ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍវិស័យជលផល រដ្ឋបាលជលផលបានធ្វើវិសោធនកម្ម ក្នុងក្របខ័ណ្ឌផែនការយុទ្ធសាស្រ្ត សម្រាប់វិស័យជលផល ឆ្នាំ២០១៥-២០២៤ ដែលមានសសរស្តម្ភសំខាន់ៗចំនួន៤ រួមមាន៖ ការនេសាទនិងការគ្រប់គ្រង, វារីវប្បកម្មរួមទាំងទឹកសាបនិងសមុទ្រ, ខ្សែច្រវាក់តម្លៃជលផល, ច្បាប់និងសេវាកម្ម។

ជាក់ស្តែងនៅក្នុងសសរស្តម្ភទី៣ «ខ្សែច្រវាក់តម្លៃជលផល» ទាមទារឱ្យមានការយកចិត្ត ទុកដាក់ខ្ពស់ លើការអភិវឌ្ឍន៍បច្ចេកវិទ្យាកែច្នៃ និងការត្រួតពិនិត្យគុណភាព សុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព ដើម្បីធានាបាននូវគុណភាពស្តង់ដារ និងសុវត្ថិភាពនៃផល ផលិតផលជលផល សម្រាប់ការផ្គត់ផ្គង់ទាំងក្នុងស្រុក និងបង្កើនការនាំចេញទៅទីផ្សារអន្តរជាតិ៕