(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឥណ្ឌា ឱ្យអនុវត្តន៍លើកិច្ចព្រមទាំងឡាយដែលប្រទេសទាំងពីរបានចុះហត្ថលេខាកន្លងមក ឱ្យទទួលបានជោគជ័យ ដើម្បីជាប្រយោជន៍សម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។

សំណើសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឱ្យលោកស្រី ម៉ានីកា ចេន (Manika Jain) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ចូលជម្រាបលាក្នុងការបញ្ចប់បេសកកម្មការងារជាឯកអគ្គរដ្ឋទូតនៅកម្ពុជារបស់លោកស្រី។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកព័ត៌មានក្រោយជំនួបរបស់សម្តេចតេជោ និងលោកស្រីឯកអគ្គរដ្ឋទូតនៅព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០នេះថា ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងលោកស្រីឯកអគ្គរដ្ឋទូត បានគូសរំលេចពីភាពល្អប្រសើរនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។

ជាពិសេសក្នុងអាណត្តិការងារជាឯកអគ្គរដ្ឋទូតរបស់លោកស្រី ម៉ានីកា ចេន បាននាំមកនូវសមិទ្ធផលផ្លែផ្កាជាច្រើន សម្រាប់រួមចំណែកពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃព្រទេសទាំងពីរ។ ក្នុងអាណត្តិការងាររបស់លោកស្រី បានរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន, រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាជាច្រើនទៀត ទៅកាន់ប្រទេសឥណ្ឌា។

ក្រៅពីនោះមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលឥណ្ឌា ដូចជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា និងរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា បានធ្វើដំណើរទស្សនកិច្ចមកាន់កម្ពុជា។ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចនេះ ធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ ហើយធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ។ ជាពិសេសក្នុងដំណើរទស្សនកិច្ចទាំងនេះ មានការចុះហត្ថលេខាលើអនុស្សរណៈ និងកិច្ចព្រមព្រៀងជាច្រើន។

ដើម្បីពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀតនោះ ក្នុងជំនួបនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើលោកស្រីឯកអគ្គរដ្ឋទូតដែលចប់អាណត្តិឱ្យជម្រាបទៅរដ្ឋាភិបាលឥណ្ឌា ពិចារណាលើកកម្ពស់អនុស្សារណៈ ដែលកម្ពុជា និងឥណ្ឌាបានចុះហត្ថលេខា ទៅទៅជាកិច្ចព្រមព្រៀង។ រីឯកិច្ចព្រៀងព្រៀង ដែលបានចុះហត្ថលេខារួចមកហើយនោះ គប្បីជំរុញការអនុវត្តឈានទៅទទួលបានលទ្ធផលជាផ្លែផ្កា ដើម្បីនាំមកនូវប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្មសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើរដ្ឋាភិបាលឥណ្ឌា គួរពិនិត្យមើលថែមទៀតនូវតួនាទីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីឈានទៅពង្រីកទំនាក់ទំនងការទូតរវាងប្រទេស និងប្រទេសឱ្យកាន់តែរឹងមាំថែមឡើងមួយកម្រិតទៀត។

សូមបញ្ជាក់ថា ក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាកាលពីឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី បានអញ្ជើញធ្វើជាអធិបតីភាពចុះហត្ថលេខាលើពិធីសារសំខាន់ៗចំនួន ៤រួមមាន៖ អនុស្សារណៈនៃការយោគយល់គ្នាស្តីពីការទប់ស្កាត់ ការជួញដូរមនុស្ស, សន្ធិសញ្ញាស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់លើបញ្ហាព្រហ្មទណ្ឌ, កម្មវិធីផ្លាស់ប្តូរវប្បធម៌ និងកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ៣៦.៩២លានដុល្លារអាមេរិកសម្រាប់គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់។

ក្រៅតែពីធីសារនេះទៅ កម្ពុជា និងឥណ្ឌា ក៏បានចុះហត្ថលេខាលើអនុស្សារណៈជាច្រើនទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា។

សូមជម្រាបផងដែរថា ក្នុងជំនួបជម្រាបលានៅព្រឹកមិញនេះ លោកស្រីឯកអគ្គរដ្ឋទូតឥណ្ដា ក៏បានថ្លែងកោតសរសើរសម្តេចតេជោ ហ៊ុន សែន ដែលបានគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ រហូតមកដល់ថ្ងៃនេះអ្នកជំងឺកូវីដនៅកម្ពុជាត្រូវបានជាសះស្បើយទាំងស្រុង។

លោកស្រី ក៏បានបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី, មន្ត្រីរាជការកម្ពុជាទាំងអស់ ក៏ដូចជាប្រជាជនកម្ពុជាផងដែរ ដែលបានផ្ដល់នូវការគាំទ្រនិងកិច្ចសហប្រតិការយ៉ាងល្អប្រសើរធ្វើឲ្យបេសកកម្មកាទូតរបស់លោកស្រីជាងពីរឆ្នាំកន្លះមកនេះ បានទទួលជោគជ័យយ៉ាងត្រចះត្រចង់៕