(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ បានរៀបចំពិធីប្រគល់-ទទួល សម្ភារបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយតាមរយៈការគាំទ្ររបស់ USAID ជូនអង្គការ UNICEF សម្រាប់ផ្ដល់ជូនតាមគ្រឹះស្ថានសិក្សាសាធារណៈនៅរាជធានីភ្នំពេញ និងខេត្តចំនួន៥។

ពិធីនេះ ត្រូវបានធ្វើឡើងនៅមន្ទីរអប់រំ យុវជន និងកីឡា ដែលមានការចូលរួមពី លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ហ្វ័រូហ្គ ហ្វូយូហ្សិថ នាយិកា យូនីសេហ្វ និងតំណាង USAID។ សម្ភារទាំងអស់នោះរួមមាន សាប៊ូ ជែលលាងដៃ និងឧបករណ៍វាស់សីតុណ្ហភាព សម្រាប់ផ្ដល់ជូនសាលារៀនចំនួន៤១៧ នៅក្នុងខេត្តចំនួន៥ និងក្នុងរាជធានីភ្នំពេញ។

ពិធីនេះត្រូវបានរៀបចំឡើងក្នុងសប្ដាហ៍នេះ ក្នុងពេលដែលសាលារៀននៅកម្ពុជា បានចាប់ផ្ដើមអនុញ្ញាតឲ្យ សិស្សានុសិស្សចូលរៀនទ្បើងវិញ។ សម្ភារអនាម័យចាំបាច់សំខាន់ៗទាំងនេះ នឹងបានទៅដល់កុមារចំនួន ២៩០,០០០ នាក់ ដែលផ្ដល់លទ្ធភាពឲ្យពួកគេបន្តការអប់រំសាជាថ្មីប្រកបដោយសុវត្ថិភាព។

ថ្លែងក្នុងឱកាសនោះ លោក នួន ផារ័ត្ន បានអំពាវនាវឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន៖ គណៈគ្រប់គ្រងសាលារៀន អាជ្ញាធរមូលដ្ឋាន ឱពុកម្តាយ អ្នកអាណាព្យាបាល និងដៃគូអភិវឌ្ឍន៍ ឲ្យបន្តចូលរួម និងបន្តការយកចិត្តទុកដាក់ខ្ពស់ ដល់សិស្សានុសិស្ស ក្នុងឱកាសនៃការបើកដំណើរការសាលារៀនឡើងវិញ សំដៅធានាឲ្យបានថា សាលារៀនជាកន្លែងមានសុវត្ថិភាពសម្រាប់ការសិក្សារបស់សិស្ស។

លោក នួន ផារ័ត្ន តាងនាមលោក ឃួង ស្រេង បានថ្លែងអំណរគុណដល់អង្គការ UNICEF ប្រចាំកម្ពុជា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល និងជាពិសេសជាមួយ រដ្ឋបាលរាជធានីភ្នំពេញ លើការងារលើកកម្ពស់វិស័យអប់រំ ជាពិសេសក្នុងឱកាស នៃការបើកដំណើរការសាលារៀនឡើងវិញនេះ ដោយបានឧបត្ថម្ភអំណោយជាសម្ភារ រួមមាន៖ ទឹកលាងដៃ ចំនួន៣,៤០៥ដប, ទែម៉ូម៉ែត្រ ចំនួន៤៨៩គ្រឿង, សាប៊ូ ចំនួន៣៩,៧២៥ដុំ, និងផ្ទាំងរូបភាពផ្សព្វផ្សាយ ការអប់រំអំពីការបង្ការជំងឺកូវីដ-១៩ សម្រាប់ចែកជូនដល់គ្រឹះស្ថានសិក្សាសាធារណៈចំនួន២២៩ នៅក្នុងរាជធានីភ្នំពេញ។

លោក Benjamin Wohlauer អនុប្រធានបេសកកម្ម នៃស្ថានទូតសហរដ្ឋអាមេរិក បានលើកឡើងថា ការបើកសាលារៀនឡើងវិញនេះ គឺជាការវិវត្តមួយដ៏សំខាន់ នៃកិច្ចខិតខំប្រឹងប្រែងស្តារទ្បើងវិញពីជំងឺកូវីដ-១៩ ហើយអាមេរិក មានមោទនភាពក្នុងការសហការជាមួយក្រសួងអប់រំ និងយូនីសេហ្វ ដើម្បីគាំទ្រសិស្សានុសិស្សកម្ពុជា ឲ្យអាចចូលរៀនវិញបាន។

លោកស្រី ហ្វ័រូហ្គ ហ្វូយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានលើកឡើងថា «យើងអាចទទួលបានជោគជ័យ និងជំនះឧបសគ្គដ៏ធំសម្បើម ដែលបង្កឡើងដោយជំងឺកូវីដ-១៩ តែនៅពេលដែលយើងធ្វើការងារជិតស្និទ្ធជាមួយនឹងដៃគូរបស់យើង។ យើងចាំបាច់ត្រូវធ្វើការងារជាមួយនឹងលោកគ្រូ អ្នកគ្រូ ជួយកសាងជំនាញរបស់ពួកគេក្នុងការប្រើប្រាស់គោលវិធីចម្រុះ សម្រាប់ការរៀនសូត្របស់សិស្ស ដែលមានសារៈសំខាន់សម្រាប់ការស្ដារប្រព័ន្ធអប់រំឡើងវិញ»

លោកស្រីថា UNICEF ត្រូវការដៃគូនានាដូចជា USAID ជាដើម ដែលបានគាំទ្រដល់ការបន្តការសិក្សារបស់កុមារនៅកម្ពុជា ក្នុងអំឡុងពេលដែលសាលាបិទទ្វារ ហើយបច្ចុប្បន្ននេះ ក៏កំពុងជួយឲ្យពួកគេវិលត្រឡប់ទៅសាលារៀនប្រកបដោយសុវត្ថិភាពផងដែរ។ លទ្ធផលទាំងនេះមិនអាចធ្វើទៅបានឡើយ ប្រសិនបើពុំមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាថ្មីម្ដងទៀត បានបង្ហាញឲ្យឃើញច្បាស់ថា រាជរដ្ឋាភិបាលផ្ដល់សារៈសំខាន់ដល់ការអប់រំ ដើម្បីជួយឲ្យប្រទេសនេះ មិនត្រឹមតែធូរស្បើយពីជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ថែមទាំងកាន់តែរីកចម្រើនបន្ថែមទៀតនាពេលអនាគត៕