(កណ្ដាល)៖ មន្ត្រីជាន់ខ្ពស់ CPP ចំនួន៣រូប រួមមាន លោក ឡាន់ ឆន សមាជិកព្រឹទ្ធសភា, លោក ឆាយ វណ្ណាសមាជិកព្រឹទ្ធសភា និងលោក ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍនជនបទ បានជួបសំណេះសំណាលជាមួយមេឃុំ មេប៉ុស្តិ សមាជិកក្រុមប្រឹក្សាឃុំមកពីឃុំទួលស្នួល ឈូក បើស២ បើស១ រកាខ្នុរ និងជំនីក ដើម្បីពិនិត្យ ស្វែងយល់ពីការផ្តល់សេវានានា ជូនប្រជាពលរដ្ឋ តាមភូមិឃុំទាំង៦ នៃស្រុកក្រូចឆ្មារ ពិសេសផ្ដាំផ្ញើពីការបំផុសបំផុល ដល់ពលរដ្ឋឲ្យប្រយ័ត្នជំងឺកូវីដ-១៩ ។

លោក ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងអនុប្រធានក្រុមការងារស្រុកក្រូចឆ្មារ បានជម្រាបជូន និងកោតសសើរ សមាជិកអង្គប្រជុំថា ស្រុកក្រូចឆ្មារ ជាស្រុកគំរូដ៏ល្អ ក្នុងការទប់ស្កាតជំងឺកូវីដ១៩ និងជាពិសេសបានផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋទាន់ពេលវេលាផងដែរ ខណៈដែលទង្វើនេះ ទទួលបានការសាទរយ៉ាងអនេក ពីបងប្អូនប្រជាពលរដ្ឋទូទាំងស្រុកក្រូចឆ្មារ។

ស្ថិតក្នុងឱកាសនេះដែរ លោក ឡាន់ ឆន និង លោក ឆាយ វណ្ណា បានលើកឡើងដូចគ្នា ពីគុណបំណាច់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានដឹកនាំប្រទេសជាតិ ឲ្យមានការរីកចំរើន ពិសេសតាំងពីកើតជំងឺកូវីដ-១៩ មក កម្ពុជាបានជោគជ័យខ្លាំងក្នុងការទប់ស្កាត់ឆ្លងជាសហគមន៍ និងការឆ្លងទ្រង់ទ្រាយធំ។

មន្ត្រីជាន់ខ្ពស់ទាំង២រូប ក៏បានកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន ដែលបានធ្វើការងារបានល្អប្រសើរ ជុំវិញការផ្សព្វផ្សាយពីជំងឺកូវីដ-១៩ ដល់ពលរដ្ឋទាំងអស់ ខណៈមូលដ្ឋានស្រុកក្រូចឆ្មារ មានសភាពការល្អ ។

មន្ត្រីជាន់ខ្ពស់ទាំង២រូប បានយល់ព្រមទទួលយកចំណុចខ្វះខាតមួយចំនួន ពីមូលដ្ឋានយកទៅដោះស្រាយជូនឲ្យឆាប់ជាទីបំផុត និងបានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន បង្កើនភាពរួសរាយ ក្នុងការផ្ដល់សេវាសាធារណៈ ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីបម្រើប្រជាជន៕