(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហាន កងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ ខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងយោធិនទាំងអស់របស់កងពលតូចថ្មើរជើងលេខ៥១ ដែលបានយកចិត្តទុកដាក់បំពេញគ្រប់ភារកិច្ចយ៉ាងម៉ឺងម៉ាត់ ដោយសម្រេចបាននូវការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ជាអំណោយផលដល់ការ អនុវត្តភារកិច្ចស្នូលរបស់អង្គភាព ក្នុងនាមជាកម្លាំងចល័តអន្តរាគមន៍ ធានាបាននូវប្រៀបការពារជាតិ បូរណភាពទឹកដី សន្តិភាព ស្ថិរភាព បង្កលក្ខណៈដល់ដំណើរការកសាង និងអភិវឌ្ឍជាតិ ហើយសូមខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបន្តនិរន្តរភាព និងជំរុញសក្តានុពលឱ្យកាន់តែខ្លាំងក្លាឡើង ដោយរួមសហការជាមួយនឹងបណ្តាកងឯកភាពផ្សេងៗទៀត ចំណុះយោធភូមិភាគទី៥ ឈានទៅសម្រេចជោគជ័យកាន់តែប្រសើរឡើងក្នុងភារកិច្ចការពារជាតិ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងនាមជាកងយោធពលខេមរភូមិន្ទ យោធិនគ្រប់ថ្នាក់ និងគ្រប់តួនាទី គឺមានភារកិច្ច និងកាតព្វកិច្ចនៅក្នុងការចូលរួមថែរក្សាបូរណភាពទឹកដី និងបម្រើប្រជាពលរដ្ឋ។ ដើម្បីសម្រេចភារកិច្ចនេះ ទាមទារឲ្យអង្គភាពខ្លាំង ដើម្បីអង្គភាពខ្លាំង សំខាន់បំផុត អង្គភាពត្រូវតែជាធ្លុងនៃសាមគ្គីភាពមួយ ហើយធ្លុងនៃសាមគ្គីភាព អាចកើតមានគឺអាស្រ័យលើមេបញ្ជាការ និងនាយសេនាធិការ ដែលជាក្បាលម៉ាស៊ីនដឹកនាំ។

ដូច្នេះការពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុង គឺជាកិច្ចការសំខាន់សម្រាប់មេបញ្ជាការ និងនាយសេនាធិការ ដែលទទួលបានការតែងតាំងថ្មី និងដែលត្រូវបានជ្រើសរើស តាមការវាយតម្លៃផ្អែកលើលក្ខណៈសម្បត្តិបុគ្គល ជាមួយនឹងកត្តាតុល្យភាពនៃការដឹកនាំ និងប្រសិទ្ធភាពរបស់អង្គភាពទៅមុខ ដើម្បីធានានូវនិរន្តរភាព។ យ៉ាងណាក៏ដោយ យោធិនគ្រប់រូបក៏សុទ្ធតែមានតួនាទីសំខាន់នៅក្នុងការជំរុញអង្គភាព ដោយម្នាក់ៗ មានតម្លៃស្មើគ្នានៅក្នុងការចូលរួមអនុវត្តកិច្ចការ របស់អង្គភាព។ ការរក្សាបាននូវសាមគ្គីឯកភាពផ្ទៃក្នុងល្អ ក៏ត្រូវមានការចូលរួមសកម្ម និងប្រកបដោយការទទួលខុសត្រូវរបស់យោធិនយើងម្នាក់ៗផងដែរ។

លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ក្រៅពីកត្តាសាមគ្គីឯកភាពផ្ទៃក្នុង សូមផ្តាំផ្ញើផងដែរនូវគោលគំនិតដឹកនាំមួយចំនួន៖

*រក្សាភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងគោរពឲ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក។

*គោរពឲ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងលក្ខន្តិកៈទូទៅ និងបទវិន័យទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ។

*ត្រូវយកចិត្តទុកដាក់ជាចាំបាច់លើការងារអប់រំចិត្តសាស្ត្រ និងស្វែងយល់អំពីសភាពការណ៍ថ្មីៗ ដើម្បីលើកកម្ពស់មនសិការស្នេហាជាតិ។ នេះជាកិច្ចការ ដែលត្រូវធ្វើជាប់ជាប្រចាំ ដើម្បីធានាបាននូវភាពនឹងនរ នៃស្មារតីប្តេជ្ញាចិត្តរបស់កងទ័ព នៅក្នុងការការពារសុខសន្តិភាព ចៀសវាងការលង់ជឿលើ ឧបាយកលកៀរគរ និងបំភ័ន្តអូសទាញផ្សេង បើយើងមិនប្រុងប្រយ័ត្ន។

*ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងកម្លាំងឲ្យបានល្អ និងប្រើប្រាស់ធនធានមនុស្សដោយប្រសិទ្ធភាព។

*ត្រូវបង្កើនការយកចិត្តទុកដាក់ហ្វឹកហ្វឺន និងសកម្មចូលរួមរៀនសូត្រឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ដោយគោរពឲ្យបានខ្ជាប់ខ្ជួន និងយកអស់កម្លាំងកាយចិត្ត ហ្វឹកហាត់គ្រប់ជំនាញ។

*ត្រូវយកចិត្តទុកដាក់ប្រមូលផ្តុំ រៀបចំទុកដាក់ជួសជុល ថែបំប៉នបច្ចេកទេសអាវុធ យុទ្ធភណ្ឌ គ្រាប់រំសេវ គ្រឿងយន្ត គ្រឿងចក្រ យុទ្ធោបករណ៍ ធានាបានសុវត្ថិភាព និងលក្ខការណ៍បច្ចេកទេស។

*ត្រូវបន្តអនុវត្តកិច្ចសហប្រតិបត្តិការល្អ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចូលរួមពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ រួមចំណែកក្នុងការកសាង ភូមិ-ឃុំ មានសុវត្ថិភាព ក៏ដូចជាកិច្ចសហការល្អជាមួយភាគីមិត្ត នៅក្នុងការថែរក្សាស្ថិរភាពនៅតាមបណ្តោយព្រំដែន និងនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ។

*ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាក្នុងការលើកស្ទួយជីវភាពរស់នៅ និងសុខមាលភាពរបស់កងទ័ព។ ជាពិសេសក្នុងសម័យកាលជំងឺកូវីដ-១៩នេះ ត្រូវយកចិត្តទុកដាក់ចាត់វិធានាការផ្សេងៗ ដើម្បីការពារការឆ្លងរាលដាលនៅក្នុងអង្គភាព ក៏ដូចជាដើម្បីជួយទប់ស្កាត់ការឆ្លងនៅក្នុងសហគមន៍គ្រួសារកងទ័ព និងគ្រួសារប្រជាពលរដ្ឋយើង។

*យកចិត្តទុកដាក់ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយ និងចូលរួមជួយបង្កបង្កើនផល ដល់ប្រជាពលរដ្ឋដែលនៅជិតទីតាំងឈរជើងរបស់ខ្លួន៕