(ភ្នំពេញ)៖ លោក ផាទ្រីក មឺហ្វី (W.Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានសន្យាថា លោកនឹងជួយជំរុញផលិតផលខ្មែរ ដែលផលិតដោយស្ត្រី ឱ្យបានទៅដល់ទីផ្សារអន្តរជាតិ តាមរយៈសកម្មភាពរបស់ទូត។

ការបញ្ជាក់របស់លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានធ្វើឡើងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ​ នៅពេលទស្សនកិច្ចនៅឯ «WeMall» ដែលជាផ្សារអេឡិចត្រូនិច ដាក់លក់ផលិតផលដែលផលិតដោយស្ត្រីខ្មែរ ដើម្បីជួយរកកម្រៃដល់ស្ត្រី។

WeMall បានដំណើរការនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ គឺជាផ្សារអេឡិចត្រូនិច ដែលត្រូវបានបង្កើតឡើង ក្នុងគោលបំណងឲ្យប្រជាជនស្គាល់ ពីផលិតផលក្នុងស្រុក ដែលផលិតផលទាំងនោះ ត្រូវបានផលិតឡើងដោយដៃផ្ទាល់ (សិប្បកម្ម ឬហត្ថកម្ម) ហើយផ្សារនេះក៏ធ្វើឲ្យប្រជាជន រីករាយក្នុងការទិញទំនិញ មិនថាពួកគេនៅកម្ពុជា ឬនៅក្រៅប្រទេសនោះទេ។ វាត្រូវបានបង្កើតឡើងដោយ សហស្ថាបនិក២រូបគឺ ទួច សុជាតា និងហ៊ាង អូមួយ។

ក្នុងដំណើរទស្សនកិច្ចនេះ ហ៊ាង អូមួយ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លោកឯកអគ្គរដ្ឋទូត គាត់ប្រាប់ថា គាត់នឹងជួយជំរុញឲ្យការងារនេះ កាន់តែទៅមុខបានល្អប្រសើរ តាមរយៈសកម្មភាពរបស់ទូត។ នៅក្នុងស្ថានទូតមានការងារច្រើន ដែលអាចនឹងជួយផលិតខ្មែរ បានទៅដល់ទីផ្សារអន្តរជាតិទៀតផង»

លោក ផាទ្រីក មឺហ្វី ក៏មានជំហរចង់ឃើញការងារធុរកិច្ចរវាងកម្ពុជា និងអាមេរិក កាន់តែមានការរីកចម្រើនជាលំដាប់។ បន្ថែមលើនេះ ដោយសារតែ ហ៊ាង អូមួយ ជាអតីតនិស្សិតនារីធ្លាប់ទៅសិក្សានៅអាមេរិក លោកឯកអគ្គរដ្ឋទូត ថែមទាំងបានគាំទ្រ និងលើកទឹកចិត្តយ៉ាងពេញទំហឹង ចំពោះការបង្កើតផ្សារអេឡិចត្រូនិច WeMall មួយនេះ។

លើសពីនេះទៅទៀត ទួច សុជាតា បានឲ្យដឹងថា WeMall មានបណ្តាញទីផ្សារសម្រាប់លក់ផលិតផល ដែលផលិតដោយស្ត្រីខ្មែរ នៅអាមេរិក កាណាដា និងអឺរ៉ុបទាំងមូលតែម្តង។ ឥឡូវផ្សារនេះ កំពុងធ្វើការងារជាមួយនឹងបណ្តាញការងាររបស់ខ្លួន នៅតាមប្រទេសទាំងនោះ ដើម្បីនាំយកផលិតផល ដែលផលិតដោយស្ត្រីខ្មែរទៅលក់។

WeMall ក៏មានការគាំទ្រពីក្រសួងកិច្ចការនារី, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសមាគមធុរកិច្ចជាច្រើនទៀតផងដែរ។ នៅពេលសួរថា WeMall មានលក់អ្វីខ្លះ ទួច សុជាតា បានរៀបរាប់ត្រួសៗ យ៉ាងដូច្នេះថា៖ «មានផលិតផលប្រើប្រាស់ប្រចាំថ្ងៃ កាបូប កន្សែង ក្បិន និងគ្រឿងសង្ហាររឹមជាដើម»