(ភ្នំពេញ)៖ ក្នុងខែសីហា ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថាបនិក និងជាប្រធានកិត្តិយស បានទទួលថវិកាបរិច្ចាគ សរុបចំនួន១២៧,៥៩៩,២១៧រៀល និង៤៥,៨៨២ដុល្លារអាមេរិក ពីសប្បុរសជនសរុបចំនួន ៣,៣៩៨រូប។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា សប្បុរសជនទាំង៣,៣៩៨រូប រួមមាន៖ សមាជិកកិត្តិយសចំនួន៣រូប, សមាជិកគាំទ្រចំនួន ២,៦៩២រូប និងសប្បុរសជនផ្សេងៗ ចំនួន៧០៣រូប, ព្រមទាំងថវិកាទទួលបានមកពីហិបបរិច្ចាគ នៅតាមគោលដៅចំនួន៦ទីតាំង (ដែលមានទឹកប្រាក់ សរុបចំនួន២០០ដុល្លារអាមេរិក និង៥,៣៧៦,២០០រៀល)។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសប្បុរសជនទាំងអស់ ចំពោះការបន្តគាំទ្រ និងបរិច្ចាគថវិកា ដើម្បីរួមគ្នាទ្រទ្រង់ និងធានាឲ្យបាន នូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាព របស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពកុមារ និងទារក នៅកម្ពុជា ទោះបីជាពិភពលោកទាំងមូល ក៏ដូចជាប្រទេសកម្ពុជា កំពុងទទួលរងផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តអំពាវនាវដល់សប្បុរសជនទាំងអស់ រួមទាំងស្ថាប័នរដ្ឋ និងឯកជននានា ឲ្យចូលជាសមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០,០០០,០០០រៀល ឬ៥,០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬជា សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥,០០០រៀល ក្នុងមួយខែ ឬ ៦០,០០០រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ» និងរួមគ្នានាំមកនូវភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕