(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បែងចែកក្រុមការងារដើម្បីចុះជួយដឹកនាំពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គម តាមបណ្ដាខេត្តជាប់ដែនសមុទ្រ។ ក្នុងលិខិតបង្គាប់ការនោះ បានប្រគល់ភារកិច្ចជូន លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ជាប្រធាន។

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារនេះ ដែលមានឧត្តមសេនីយ៍ឯក យឹម លាង, ឧត្តមសេនីយ៍ឯក តេង សួន, ឧត្តមសេនីយ៍ឯក ឡោ សុខឡេង អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធាន ព្រមទាំងមានការចូលរួមពីអនុប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹក ស្នងការខេត្តទាំងបួន រួមមានព្រះសីហនុ កោះកុង កំពត និងខេត្តកែប។

យោងតាមលិខិតបង្គាប់ការលេខ០០៦ល.ប.ក របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ក្រុមការងារមាន ភារកិច្ចចុះពង្រឹងនៅខេត្តទាំងបួនជាប់តំបន់ឆ្នេរ ដើម្បីពិនិត្យ ណែនាំរៀបចំផែនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ឆ្លើយតបនឹងសភាពការណ៍ជាក់ស្តែង និងស្របតាមគោលការណ៍ ផែនការទិសដៅនានារបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ដែលបានដាក់ចេញ ជាពិសេសការចាត់តាំងអនុវត្តផែនការការពារសន្តិសុខ សុវត្ថិភាពជូន ប្រជាពលរដ្ឋ អ្នកវិនិយោគិន អ្នកទេសចរណ៍ ជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះដែរ ពិនិត្យវាយតម្លៃសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប ដោយត្រូវអនុវត្តតាមបទបញ្ជារបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ដាក់ចេញវិធានការដឹកនាំស្របតាមការវិវឌ្ឍរីកចម្រើនថ្មីៗ តាមដានការអនុវត្តន៍របស់ ស្នងការដ្ឋាននគរបាលខេត្ត ទាំង៤ជាប់តំបន់ឆ្នេរស្នើសុំការអនុញ្ញាតប្រើកម្លាំងអន្តរាគមន៍ ដើម្បីដោះស្រាយសភាពការណ៍ចាំបាច់មួយចំនួន ពីអគ្គស្នងការនគរបាលជាតិ។

បន្ទាប់ពីកិច្ចប្រជុំគណៈប្រតិភូបានអញ្ជើញពិនិត្យមើល អំពីអង្គភាពនគរបាលកងអន្តរាគមន៍ពិសេស របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោមការចង្អុលបង្ហាញពីអគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានរៀបចំឲ្យមន្ត្រីមានមធ្យោបាយ សម្ភារប្រើប្រាស់គ្រប់គ្រាន់ និងទីកន្លែងស្នាក់នៅសមរម្យ ដើម្បីបម្រើដល់ផលប្រយោជន៍អង្គភាព និងជូនសង្គមជាតិប្រជាពលរដ្ឋបានទាន់ពេលវេលា នៅពេលមានហេតុការណ៍កើតឡើងនៅក្នុងមូលដ្ឋានរបស់ខេត្ត នាពេលបច្ចុប្បន្ននេះ៕