(ស្វាយរៀង)៖ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) នៅព្រឹកថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០២០ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះពិនិត្យទំនិញជាគ្រឿងឧបភោគនៅផ្សារប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

លោក ផឹង និល បានឱ្យដឹងថា ក្រុមការងារ ក.ប.ប ខេត្តស្វាយរៀង បានចុះពិនិត្យមុខទំនិញដែលដាក់តាំងលក់នៅផ្សារប្រសូតិនេះក្នុងនោះបានធ្វើតេស្តទៅលើមុខទំនិញជាគ្រឿងឧបភោគបរិគោគចំនួន១៥គំរូ ហើយបានរកឃើញសារធាតុគីមីដាក់ក្នុងពពុះសណ្តែក៥គីឡូក្រាម និងទំនិញនៅស្លាដក់ដែលខូចគុណភាហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនទៀតផងដែរ។

លោកបានបន្តថា រដូវនេះជារដូវបុណ្យភ្ជុំប្រជាពលរដ្ឋត្រូវការគ្រឿងបរិភោគ និងស្លាដក់យកទៅប្រគេនព្រះសង្ឃ ដើម្បីធានាបានគុណភាព និងសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋសាខា ក.ប.ប ខេត្តតែងតែចុះពិនិត្យមុខទំនិញនៅតាមផ្សារនានា ក្នុងខេត្តស្វាយរៀង។

លោកបានបន្ថែមថា ក្រោយពីបានកំណត់មុខសញ្ញា និងពិនិត្យទំនិញជាបឋមនៅផ្សារប្រសូតិរួចមក ឃើញថាសារធាតុគីមី ៥គីឡូក្រាម នៅក្នុងពពុះសណ្តែក និងស្លាដក់ខូចគុណភាព មន្ត្រីជំនាញបានកំណត់ និងដកហូតយកទៅកម្ទេចចោល និងធ្វើកិច្ចសន្យាមិនឱ្យអាជីវករតាំងលក់របស់ក្លែងក្លាយ ឬខូចគុណភាពបន្តទៀតនោះទេ។

លោកបានបញ្ជាក់ថា ទំនិញខូចគុណភាពហួសកាលបរិបរិច្ឆេទប្រើប្រាស់នោះបើយើងយកទៅបរិភោគអាចនឹងធ្វើឱ្យយើងរាគរូសក្អួតចង្អោរខូចក្រលៀន ក្រពះ និងឧស្សាហ៍វិលមុខបណ្ដាលឱ្យចុះអន់ថយនូវកម្លាំង និងបង្កឱ្យសុខភាពចុះខ្សោយអាចនឹងមានបញ្ហាដល់អាយុជីវិតទៀតផង។

ទន្ទឹមនឹងនោះដែរ លោកក៏បានធ្វើការផ្សព្វផ្សាយ និងអំពាវនាវដល់បងប្អូនអាជីវករប្រជាពលរដ្ឋ ទាំងអ្នកលក់ទាំងអ្នកទិញមុននឹងទិញរបស់អ្វីមួយសូមពិនិត្យទៅលើកាលបរិច្ឆេទប្រើប្រាស់ឱ្យបានច្បាស់លាស់។ ដោយឡែកប្រជាពលរដ្ឋក៏ដូចអាជីវករនៅក្នុងផ្សារប្រសូតិ បានថ្លែងអំណរអរគុណដល់មន្ត្រី ក.ប.ប. ខេត្តស្វាយរៀង តែងតែយកចិត្តទុកដាក់នឹងចុះពិនិត្យទំនិញហើយប្រជាពលរដ្ឋក៏សំណូមពរឱ្យចុះឱ្យបានញឹកញាប់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕