(កំពង់ស្ពឺ)៖ ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបរសេដ្ឋ បានបញ្ជាក់ជូនអង្គវេទិកា ក៏ដូចជាសាធារណៈជនទូទៅថា ទោះបីជាប្រទេសជាតិ ស្ថិតក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ ការប្រើប្រាស់ថវិកាអភិវឌ្ឍន៍អាចមានការយឺតយ៉ាវ ក្ដី ប៉ុន្តែយើងនៅតែបន្តការងារអភិវឌ្ឍន៍ និងដោះស្រាយជាជំហានដោយមិន បោះបង់ចោលទេ។

ការថ្លែងបែបនេះរបស់ទេសរដ្ឋមន្រ្តី អៀង មូលី ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខណៈវេទិកានេះមានការចូលរួមពីលោក លោកស្រី នាងកញ្ញាជា ប្រធាន អនុប្រធាន សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបរសេដ្ឋ អភិបាលស្រុក តំណាងមន្ទីរ ការិយាល័យជំនាញជុំវិញស្រុកបរសេដ្ឋ អាជ្ញាធរឃុំពោធិ៍ម្រាល កងកម្លាំងប្រដាប់អាវុធ និងប្រជាជនប្រមាណ៥០នាក់។

ថ្លែងបើកវេទិកា លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា នេះជាការជួបគ្នាក្នុងវេទិកាសាធារណៈលើក ដំបូងបន្ទាប់ពីខកខានជាច្រើនខែ ដោយសារជំងឺ កូវីដ-១៩។ ជំងឺនេះកាចសាហាវ ដោយសាររកវាក់សាំងមិនទាន់បាន។ ដូច្នេះហើយទើបក្រសួងសុខាភិបាលណែនាំឲ្យរាល់ការជួបជុំគ្នាមិនត្រូវលើសពី៥០នាក់។ លោកបន្តថា ជំងឺនេះក៏បានធ្វើឲ្យពិភពលោករាំងស្ទះដំណើរសេដ្ឋកិច្ចផងដែរ។ ប៉ុន្តែសេដ្ឋកិច្ចយើងមិនបានដុនដាប និងស្ទះដំណើរការឡើយ។ ការជួបជុំគ្នាក្នុងកម្រិតតូចនៅថ្ងៃនេះ ព្រោះយើងមិនអាចរង់ចាំបន្តទៀត។ យើងត្រូវមកស្តាប់បងប្អូនប្រជាពលរដ្ឋ ដើម្បីយល់ដឹង និងរកវិធីដោះស្រាយ។ ហើយចាប់ពីពេលនេះតទៅ យើងបន្តការងារជួបជុំនៅក្នុងរង្វង់ក្រោម៥០ នាក់។

បន្ទាប់មក លោក ឈឺន សុធន អភិបាលស្រុក បានរាយការណ៍ជូនអង្គវេទិកាអំពី ស្ថានភាពទូទៅ និងការអភិវឌ្ឍក្នុងស្រុក ដោយក្នុងលោកបញ្ជាក់ថា អត្រាភាពក្រីក្រនៅបរសេដ្ឋមានចំនួន១៣%។ ក្នុងនោះ ទាំងកម្រិតក្រ១ និងក្រ២ មានចំនួន៣៣៣៩គ្រួសារ។ ក្នុងដំណាក់កាលកូវីដ-១៩នេះ បានបន្ថែមគ្រួសារក្រីក្រចំនួន៣០៩គ្រួសារទៀត ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ ជាកិច្ចបន្ត លោកទេសរដ្ឋមន្ត្រីបានជូនវេទិកា ទៅអ្នកចូលរួមឲ្យឡើងមានយោបល់ ឬលើកជាសំណូមពរ។ ក្នុងនោះ មានការលើកឡើងពីសំណើសុំស្ពាននៅភូមិម្រាលត្នោតខាងជើង និងផ្លូវចំនួន២ខ្សែនៅភូមិចម្រើនផល និងភូមិស្រែខ្ញែ បញ្ហាការអាស្រ័យផលត្រពាំងនៅភូមិតានួន បញ្ហាក្រុមហ៊ុនអាហារបំប៉នដែលឃោសនាឲ្យប្រជាជនបង់ប្រាក់២០០០ដុល្លារអាមេរិក ដើម្បីចូលជាសមាជិក និងការបង្ហូរកាកសំណល់ ពីកសិដ្ឋានចិញ្ចឹមជ្រូកចូលប្រឡាយជាដើម។ មុននឹងឆ្លើយតបដោះស្រាយជូនប្រជាជន លោកទេសរដ្ឋមន្ត្រីបានស្នើ លោកអភិបាលស្រុក ប្រធានក្រុមការងារឃុំ នាយករដ្ឋបាលស្រុក និងតំណាងការិយាល័យជំនាញឡើងឆ្លើយបំភ្លឺជាបន្តបន្ទាប់។

ក្រោយពីស្តាប់ការបកស្រាយរួចមក លោកទេសរដ្ឋមន្ត្រីបានធ្វើការបូកសរុប និងណែនាំដូចខាងក្រោម៖

*ទី១៖ សូមកុំឲ្យប្រជាពលរដ្ឋជឿលើក្រុមហ៊ុនណា ដែលមានសកម្មភាពជាចរិតបោកប្រាស់ ដូចជាឲ្យទិញផលិតផលរបស់ខ្លួន មួយវគ្គដំបូងថ្លៃ២០០០ដុល្លារ រួចចូលជាសមាជិក គេឲ្យប្រាក់ខែ១ខែ ៥០០ដុល្លារ ឬចូលរួមឲ្យគេខ្ចីប្រាក់ ដោយឲ្យការប្រាក់១០%ក្នុងមួយខែជាដើម។
*ទី២៖ រាល់កសិដ្ឋានចិញ្ចឹមសត្វ ត្រូវតែគោរពស្តង់ដារអនាម័យ និងបរិស្ថាន។ ត្រូវចៀសវាងបង្ហូរសារធាតុអាក្រក់ ឬលាមកសត្វទៅក្នុងប្រឡាយទឹក អូរ ឬត្រពាំង បឹងបួរ ដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់ទឹក។
*ទី៣៖ ទាក់ទងនឹងស្ពាននៅភូមិម្រាលត្នោតខាងជើង សូមលោកអភិបាលស្រុកទាក់ទងជាមួយកងវិស្វកម្ម ឲ្យជួយផ្តល់ស្ពានឆ្លងកាត់បណ្តោះអាសន្ន សម្រាប់សិស្សានុ សិស្ស ស្រួលធ្វើដំណើរទៅសាលារៀន ទម្រាំគម្រោងសាងសង់របស់អង្គការ JICA ចាប់ដំណើរការ។
*ទី៤៖ ចំពោះបញ្ហានៅភូមិតានួន សូមអាជ្ញាធរស្រុក ឃុំ ចុះទៅរៀបចំសណ្តាប់ធ្នាប់ ណែនាំថ្នាក់ដឹកនាំភូមិឲ្យធ្វើជាគំរូដល់ប្រជាពលរដ្ឋ ដោយរុះរើសំណង់អនាធិបតេយ្យ ដែលកូនចៅខ្លួនធ្វើជាបន្ទាន់ និងនាំគ្នាធ្វើបញ្ជីសារពើភណ្ឌសម្បត្តិរដ្ឋទាំងអស់ឲ្យបានឆាប់រហ័ស។
*ទី៥៖ ចំណែកឯផ្លូវចំនួន២ខ្សែនៅភូមិចម្រើនផល និងភូមិស្រែខ្ញែ លោកទេសរដ្ឋមន្ត្រីបានណែនាំឲ្យលើកសំណើជាបន្ទាន់ទៅកងវិស្វកម្ម ដើម្បីសុំឲ្យជួយសាងសង់ផ្លូវទាំងពីរខ្សែតាមសំណូមពរ៕