(ក្រចេះ)៖ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ បានចុះសួរសុខទុក្ខ ដល់នគរបាលវរការពារព្រំដែនគោកលេខ៦១៩ ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្ត ក្នុងឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានពាំនាំការសួរសុខទុក្ខ ពីសំណាក់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក វ៉ា ថន អភិបាលខេត្ត ដល់នាយ-នាយរង នគរបាលវរការពារព្រំដែនគោក លេខ៦១៩ទាំងអស់ ក្នុងឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខនេះ។

លោកឧត្តមសេនីយ៍ទោ លន់ សុផាត ក៏បានសម្តែងការលើកទឹកចិត្ត ដល់កងកម្លាំងនគរបាលវរការពារព្រំដែនទាំងអស់ ដែលបានខិតខំបំពេញកាតព្វកិច្ច ក្នុងភារកិច្ចការពារព្រំដែន បានធ្វើយ៉ាងល្អប្រសើរផងដែរ។

លើសពីនោះទៀត លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានជំរុញឲ្យនគរបាលខិតខំបន្ត ក្នុងភារកិច្ចការពារ មិនឲ្យមានបទល្មើសឆ្លងដែន ដូចជាករណីជួញដូរមនុស្ស និងគ្រឿងញៀនជាដើម។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត បាននាំយកថវិកា ចំនួន២៥លានរៀល អង្ករ៥តោន មី៤០កេស ទឹកត្រី២០យួ នំអន្សម១០០នំ នំក្រឡាន១០០នំ ជូនដល់នគរបាលវរការពារព្រំដែនគោកផងដែរ៕