(កណ្ដាល)៖ លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ បានព្រមានផ្លូវច្បាប់ម្ដងទៀតទៅដល់មេខ្លោង៣ទៅ៤នាក់ ដែលញុះញង់ប្រជាពលរដ្ឋជាង២០០គ្រួសារ ឱ្យទៅចាប់ដីកម្មសិទ្ធឯកជនរបស់គេនៅចំនុចភូមិព្រែកប៉ុល ភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក, ភូមិព្រែកតាកែវ ភូមិព្រែកតាកែវ២, ភូមិជ័យឧត្តម ភូមិជ័យឧត្តម២ ភូមិជ្រោយដង ឃុំសំរោងធំ ស្រុកៀនស្វាយ ឱ្យចៀសវាងឱ្យឆ្ងាយពីបញ្ហានេះ ព្រោះអាចប្រឈមផ្លូវច្បាប់បាន ដោយសារម្ចាស់ដីទាំងឡាយ បានដាក់ពាក្យបណ្ដឹងមកជាបណ្ដើរៗហើយ ។

ថ្លែងប្រាប់បញ្ជាក់មកអ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលនាថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០២០នេះ លោកអភិបាលស្រុកបន្ថែមថា លិកបានចេញសេចក្ដីជូនដំណឹងជាបឋម ដល់ពលរដ្ឋឱ្យផ្ញាក់ខ្លួនជាមុនសិន ដើម្បីពញ្ញាក់ស្មារតីដល់ពួកគាត់ កុំឱ្យពួកគាត់ចាញ់កលល្បិចរបស់មេខ្លោងមួយចំនួន ដែលបានប្រើកលប្រើវិធីបំផុសបំផុលចលនា រំលោភយកដីកម្មសិទ្ធឯកជនរបស់អ្នកដទៃយ៉ាងអនាធិបតេយ្យ។

លោកអភិបាលស្រុកបានបន្តថាទៀតថា បើសិនជាករណីមិនដកថយទេ នោះរដ្ឋបាលស្រុកកៀនស្វាយនឹងចេញលិខិតអញ្ចើញពលរដ្ឋទាំងនោះ មកសាលាស្រុកដើម្បីដោះស្រាយ បញ្ហានេះមិនខានឡើយ ។

គួរជម្រាបជូនថា សកម្មភាពនៃការដឹកនាំបំផុសពលរដ្ឋឱ្យទីចាប់យកដីរបស់គេ បានកើតឡលងជាញឹកញាប់ ក្រោមមេខ្លោងដឹកនាំប៉ុន្មាននាក់ ដែលបានលេចចេញរូបរាងឡើង នៅតាមបណ្ដាស្រុកមួយចំនួននៅខេត្តកណ្ដាល រួមមាន ស្រុកកៀនស្វាយ ស្រុកលើកដែក ស្រុកកណ្ដាលស្ទឹងជាដើម ដែលសកម្មភាពនេះ ត្រូវបានម្ចាស់ដីជាច្រើនបានរអ៊ូរទាំថា ជាវិធីរកលុយព្រៃផ្សៃដោយគេប្រើវិធី «ឈ្នះបានដី ចាញ់បានលុយ» ខណៈពួកគាត់ស្នើរសុំថ្នាក់ដឹកនាំខេត្តកណ្ដាល មេត្តាជួយទប់ស្កាត់និងដោះស្រាយបញ្ហានេះផង៕