(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ផ្អាកការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ។

នេះបើតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ផ្ញើជូនឧបនាយករដ្ឋមន្ដ្រី អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងលោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោយមានចំណារឯកភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានទីស្ដីការគណៈរដ្ឋមន្ដ្រី បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ឲ្យផ្អាកប្រតិបត្តិការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ»

សូមជម្រាបថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីសម្រេច ស្ដីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ សម្រាប់ជុំទី២ ដែលមានរយៈពេល២ខែ គឺខែសីហា និងខែកញ្ញា ឆ្នាំ២០២០។ ក្រសួងបានបន្ថែមទៀតថា ការបើកផ្ដល់ប្រាក់ឧបត្ថម្ភ ត្រូវធ្វើឡើងក្នុងសប្ដាហ៍ទី៤ នៃខែនីមួយៗ៕