(ស្វាយរៀង)៖ លោក ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងលោក សំ សេរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុងស្វាយរៀង បានសំដែងនូវការកោតសរសើរដល់អាជ្ញាធរដែនដី មន្ត្រីពាក់ព័ន្ធទាំងអស់ និងកងកម្លាំងប្រដាប់អាវុធដែលបានចូលរួមយ៉ាងសកម្ម ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ មិនឱ្យជំងឺនេះរីករាល ដាលឆ្លងដល់ពលរដ្ឋខេត្តស្វាយរៀង។

ការថ្លែងកោតសសើរបែបនេះ របស់លោក ជុក មុន្នី និងលោក សំ សេរីរតន៍ បានធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលបានដឹកនាំក្រុមការងារ អញ្ជើញចូលរួមនៅក្នុងពិធីកាន់បិណ្ឌទី៨ នៅវត្តមុន្នីសាលា (ហៅវត្តឡ) ស្ថិតក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

លោក ជុក មុន្នី បានថ្លែងពាំនាំនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តស្វាយរៀង ជូនដល់ប្រជាពុទ្ធបរិស័ទ និងមន្ត្រីរាជការផងដែរ។

លោកបានបន្តថា ក្នុងដំណាក់កាលសាកលលោកទាំងមូលដូចជាប្រទេសកម្ពុជា កំពុងរីករាលដាលដោយសារជំងឺកូវីដ-១៩ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលបាលឱ្យបានខ្ជាប់ខ្ជួនគឺមិនឱ្យជំងឺនេះឆ្លងដល់សហគមន៍ជាដាច់ខាត។ ដូច្នេះ សូមបន្តនូវការចូលរួម និងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យបានខ្លាំងក្លាបន្តទៀតព្រោះជំងឺនេះមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ម្យ៉ាងវិញទៀតត្រូវធ្វើអនាម័យជាប្រចាំដោយលាងដៃនឹងសាប៊ូ ជែល អាល់កុល ពាក់ម៉ាស់ និងនៅគម្លាតគ្នាឱ្យបានមួយម៉ែត្រកន្លះ និងមិនត្រូវចាប់រលាក់ដៃគ្នានោះទេ ដោយធ្វើកាយវិការជំរាបសួរដែលជាប្រពៃណីរបស់ខ្មែរ។

លោកឱ្យដឹងថា បច្ចុប្បន្នដោយសារប្រទេសជាតិមានសុខសន្តិភាព មានស្ថេរភាពនយោបាយល្អប្រសើរក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងតែបានខិតខំបំពេញតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋលើគ្រប់វិស័យទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ និងដោះស្រាយរាល់បញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋសំដៅធ្វើយ៉ាងណាឱ្យពួកគាត់មានសេចក្តីសុខសុភមង្គលរីកចម្រើនទៅមុខទៀតដល់កូនចៅជំនាន់ក្រោយ និងបានជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានប្រសើរឡើង ដូច្នេះ ហើយទើបពួកគាត់អាចមានលទ្ធភាពធនធានគ្រប់គ្រាន់ក្នុងការធ្វើបុណ្យទានផ្សេងៗ។

លោក សំ សេរីរតន៍ បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធអាជ្ញាធរដែនដីត្រូវបន្តខិតខំការពារសន្តិសុខសុវត្ថិភាព នៅក្នុងមូលដ្ឋានឱ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យបានជោគជ័យហើយណែនាំប្រជាពលរដ្ឋឱ្យខិតខំបង្ករបង្កើនផលស្រូវរដូវវស្សាបានទាន់ពេលវេលា និងដាំដំណាំរួមផ្សំចិញ្ចឹមសត្វក្នុងអំឡុងពេលប្រទេសកម្ពុជាកំពុងរាលដាលដោយសារជំងឺវានេះ មួយវិញទៀតត្រូវអប់រំកូនចៅចៀសឱ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ។

សូមបញ្ជាក់ថា នៅក្នុងពិធីកាន់បិណ្ឌទី៨ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុងស្វាយរៀង ក៏បាននាំមកនូវបច្ច័យ និងទេយ្យទានប្រគេនដល់ព្រះសង្ឃព្រមទាំង សម្ភារអនាម័យ ថវិកា ក្រមា ក្រណាត់ស ម្រេច ចែកជូនដល់យាយជីតាជី ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត និងកងកម្លាំងប្រដាប់អាវុធ ហើយក្រុមការងារក៏បានពិភាក្សាគ្នា ដើម្បីធ្វើពិធីដង្ហែរអង្គកឋិនមួយមកកាន់វត្តមុន្នីសាលា ដើម្បីកៀងគររកថវិកាកសាងសាលាឆាន់ដោយមានសភាពទ្រុឌទ្រោម៕