(កំពង់ធំ)៖ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោក សុខ លូ អភិបាលខេត្ត បានអំពាវនាវឱ្យប្រជាពុទ្ធបរិស័ទអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជំងឺដ៏កាចសាហាវមួយនេះ។

ការអំពាវនាវបែបនេះរបស់លោកទាំង២ ធ្វើឡើងក្នុងឱកាសដឹកនាំមន្ត្រីរាជការក្រោមឱវាទ រួមទាំងពុទ្ធបរិស័ទចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ និងនាំយកទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគ និងបច្ច័យ ប្រគេនព្រះសង្ឃ នៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។

លោក ឈុន ឈន់ និងលោក សុខ លូ បានលើកឡើងថា វិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋទូទៅតែងតែ គោរពទៅតាមប្រពៃណីទំនៀមទំលាប់ប្រពៃណីខ្មែរ និងនៅតាមទីវត្តអារាមនានា ហើយក៏សូមឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាមទីវត្តអារាម និងរមណីយដ្ឋាននានា ដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទក្នុងការធ្វើបុណ្យទានជាពិសេស។

ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលមន្រ្តីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងជាឱកាសមួយដែលប្រជាពលរដ្ឋខែ្មរ បានជួបជុំសាច់ញាតិសន្ដានទាំងអស់ទោះនៅទីជិត ឬទីឆ្ងាយតែងតែធ្វើដំណើរទៅជួបជុំគ្នាជាពិសេស ឪពុក ម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគ ទៅប្រគេនដល់ព្រះសង្ឈ ទៅតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា និងទំនៀមទំលាប់ខ្មែរពីបុរាណ ដើម្បីឧទ្ទិសមគ្គផល និងកុសល្យផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជនមាន មាតា បិតា ជីដូនជីតា និងញាតិកាទាំង៧សន្តាន ព្រមទាំងវីរៈយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិទាំងអស់ ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ ក្នុងបុព្វហេតុជាតិទឹកដី សូមឱ្យទទួលបាននូវសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕