(ភ្នំពេញ)៖ គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា បានចេញសារាចរណែនាំ១១ចំណុច ទៅចំពោះគណៈអ៊ីម៉ាំ គ្រប់មូលដ្ឋានទូទាំងប្រទេស ដលម្បីយកទៅអនុវត្តន៍នៅតាមមូលដ្ឋានរៀងៗខ្លួនឱ្យបានល្អឥតខ្ចោះ នៅគ្រាដែលនឹងបើកវិហារឡើងវិញនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ជាយថាហេតុណាមួយ។

បើតាមវិដេអូជូនដំណឹងរបស់គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា ដែល Fresh News ទទួលបានមានខ្លឹមជារួមដូចខាងក្រោម៖

ទី១៖ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយសាកល្បងសឡាតថ្ងៃជំអាត់ចំនួន ៤សប្ដាហ៍។

ទី២៖ ក្រោយការសាកល្បងសឡាតជំអាត់ ៤សប្ដាហ៍ហើយ ទើបអាចឈានការអនុវត្តន៍សឡាតជាប្រចាំថ្ងៃបាន។

ទី៣៖ ហាមចូលរួមសឡាតចំពោះអ្នកធ្វើដំណើរ អ្នកជំងឺស្ត្រី និងកុមារអាយុក្រោម១៥ឆ្នាំ។

ទី៤៖ ត្រូវរក្សាគម្លាតសង្គមតាមបច្ចេកទេសរបស់ក្រសួងសុខាភិបាល ដែលអនុញ្ញាតឱ្យដាក់តែ៣០% នៃចំណុះម៉ាស្ជិត (វិហារ)។

ទី៥៖ ពាក់ម៉ាស់ វាស់កម្ដៅ លាងដៃជាប្រចាំនឹងសាប៊ូ អាល់កុល ឬជេល និងមានគម្លាតពីគ្នាយ៉ាងតិច ១,៥ម៉ែត្រ។

ទី៦៖ ត្រូវរក្សាអនាម័យតាមបែបសាសនា សម្អាតខ្លួនប្រាណ សម្លៀកបំពាក់ សម្ភារប្រលប្រាស់សម្រាប់ចូលសឡាត។

ទី៧៖ ត្រូវនាំយកកម្រាល (សាជ្ជើទះ) សម្រាប់ក្រាលសឡាត(ថ្វាយបង្គុំ) ពីផ្ទះរៀងៗខ្លួនដោយមិនត្រូវប្រើប្រាស់រួមគ្នាទេ។

ទី៨៖ នៅពេលធ្វើគារវកិច្ច ឬការលាគ្នាត្រូវជំនួសដោយការលើកដៃជាសញ្ញា ឬពោលពាក្យសាឡាម។

ទី៩៖ រយៈពេលនៃការជួបមុនសឡាត ពេលសឡាត ឬក្រោយពេលសឡាត មិនត្រូវមិនត្រូវលើសពី៣០នាទីឡើយ ហើយប្រញ៉ាប់បំបែកគ្នា។

ទី១០៖ បើកើតមានអាការៈសង្ស័យត្រូវឆាប់ទាក់ទងទៅអាជ្ញធរដែនដីដែលនៅជិតបំផុត។

និងទី១១៖ គណៈអ៊ីម៉ាំ ត្រូវទទួលខុសត្រូវរាល់ការរៀបចំពិធីសឡាតជំអាត់ដូចតាមការណែនាំខាងលើ។

គួរជម្រាបជូនថា ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំឥស្លាម សូមចាប់ផ្តើមប្រតិបត្តិជាជំហានៗ ដំណាក់កាលដំបូងនេះ នាថ្ងៃសុក្រទី១១ ខែកញ្ញា ឆ្នាំ២០២០ ដោយសារកល្បងរយៈពេល ៤សុក្រ ហើយបន្ទាប់មកចាប់ផ្តើមថ្វាយបង្គំជុំគ្នានៅតាមសូរ៉ាវ ដោយអនុវត្តវិធានការការពារសុខភាពរបស់ ក្រសួងសុខាភិបាលជានិច្ច។

ក្រសួងក៏បានចាត់ឱ្យគណៈឥស្លាមត្រូវតាមដាន ត្រួតពិនិត្យអនុវត្តការបើកដំណើរការនេះឱ្យបានហ្មត់ចត់ជាទីបំផុត។ ក្នុងករណី ដែលមានបញ្ហាទាក់ទងនឹងការសង្ស័យថា មានជំងឺកូវីដ-១៩ ជាយថាហេតុ សូមគណៈដឹកនាំវិហារនីមួយៗ រាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០នេះបានអនុញ្ញាតឱ្យសាសនិកឥស្លាមកម្ពុជា គោរពប្រតិបត្តិថ្វាយបង្គំជំអាត់ ចាប់ពីថ្ងៃសុក្រទី១១ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ដោយត្រូវអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានរបស់ក្រសួងសុខាភិបាល៕