(ភ្នំពេញ)៖ ក្រុមប្រឹក្សាថ្នាក់ជាតិពិភាក្សាប្រាក់ឈ្នួលអប្បបរមា អាណត្តិទី១ ឆ្នាំទី២ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំពិភាក្សាកំណត់ចំនួនប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១ ដើម្បីសម្រេចតួលេខចុងក្រោយអំពីការដំឡើងប្រាក់ឈ្នួលឆ្នាំក្រោយនេះ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួងការងារ ដោយមានការចូលរួមពីសមាសភាពត្រីភាគី មានភាគីរាជរដ្ឋាភិបាល ភាគីសហជីព និងភាគនិយោជក។

នៅថ្ងៃទី០៩ ខែកញ្ញាម្សិលមិញ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានេះ ក៏បានបើកកិច្ចប្រជុំពិភាក្សាគ្នាស្ទើរពេញមួយថ្ងៃផងដែរ ប៉ុន្តែមិនទាន់សម្រេចលទ្ធផលយ៉ាងណានោះឡើយ ប៉ុន្តែបានឯកភាពគ្នាថា នឹងបន្តពិភាក្សាគ្នាចុងក្រោយនៅថ្ងៃព្រហស្បតិ៍នេះ ជាមួយនឹងការអះអាងថាភាគីទាំងអស់មានភាពចាស់ទុំខ្លាំង និងពោរពេញដោយការសាមគ្គី។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងជារៀងរាល់ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៩៧ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតមានចំនួនតែ ៤០ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែ រហូតដល់ឆ្នាំ២០២០នេះ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៅកម្ពុជាមានចំនួន ១៩០ ដុល្លារអាមេរិកក្នុងមួយខែ៕