(ត្បូងឃ្មុំ)៖ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ លោកស្រីធម្មហដ្ឋាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សៀម សេងហាន ប៉ែន អ៊ាន និងលោកស្រី ឆន ហ៊ន កង ណែម បាននាំយកទេយ្យទានដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាគ្រឿងឧបរិភោគ បរិភោគ និងថវិការចូលរួមកាន់បិណ្ឌវេនទី៧ ចំនួន៣វត្ត រួមមាន វត្តបូទុមព្រឹក វត្តវាលម្លូ និងវត្តឧត្តមគិរីវង្សស្រះ នៅក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ថ្លែងសំណេះសំណាលនាឱកាសនោះដែរ លោកស្រី សៀម សេងហាន ប៉ែន អ៊ាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែគិតគូរដល់ពុទ្ធិចក្រ និងអាណាចក្រ និងសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ។

លោកស្រី បន្តថា ពិធីកាន់បិណ្ឌនេះ គឺជាការប្រណិប័តន៍តាមប្រពៃណីទំនៀមទម្លាប់ ប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធដូនតា សាច់សាលោហិត ញាតិទាំង៧សន្តាន ឧបការីជនដែលបានចែកឋាន និងបុព្វបុរសស្នេហាជាតិ ដែលបានលះបង់ជីវិតដើម្បីជាតិ មានតុភូមិ និងប្រជាជន សូមឲ្យបានទៅសោយសុខ ក្នុងឋានបរមសុខ និងសុគតិភពតរៀងទៅ។

លោកស្រី ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវ អនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីជៀសវាង ពីជំងឺនានា ជាពិសេសត្រូវរួមគ្នាទប់ស្កាត់ ជំងឺឆ្លងកូវីដ១៩ ដោយអនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាល ឲ្យបានត្រឹមត្រូវ។

លោកស្រី សៀម សេងហាន ប៉ែន អ៊ាន បានអំពាវនាវឲ្យប្រជាពុទ្ធបរិស័ទទាំងអស់គ្នា កុំជឿលើឧបាយកលរបស់ក្រុមមនុស្សមួយចំនួន ដែលបានដើរញុះញង់ បំផុសបំផុល បំពុលបរិយាកាសសង្គមជាតិ បង្កអសន្តិសុខសង្គម ដែលចេតនា ចិញ្ចឹមចិត្តចង់បំផ្លាញសង្គមជាតិ ដែលកំពុងមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍ កំពុងមានការរីកចំរើននាពេលបច្ចុប្បន្ន។

សូមជម្រាបថា ទេយ្យទានដែលប្រគេនវត្តទាំង០៣រួមមាន៖
*ប្រគេនវត្តបូទុមព្រឹក ហៅវត្តពពេល អង្ករ២០០គីឡូក្រាមទឹកសុទ្ធ ទឹកក្រូច៤០កេស មៀនកំប៉ុង០៤កេស ត្រីខ៤កេស កាកាវ៤កេស ទឹកដោះគោខាប់៤កេស មី២កេសធំ ស្ករស១០គីឡូក្រាម តែ០៤គីឡូក្រាម ប្រគេនព្រះសង្ឃចំនួន១២អង្គ ក្នុង១អង្គបច្ច័យ១០ម៉ឺនរៀល ជូនយាយជី តាជី ក្នុងម្នាក់ៗ០១ម៉ឺនរៀល ក្រណាត់ស ជូនបច្ច័យសម្រាប់កសាងវត្ត និងតម្រូវការចាំបាច់ប្រចាំថ្ងៃ ចំនួន០៧លានរៀល។
*វត្តវាលម្លូ ប្រគេនទេយ្យទានជាគ្រឿងឧបរិភោគ បរិភោគ និងអង្ករ ២០០គីឡូ ក្រណាត់ស២០០ដុំ បច័្ទយចំនួន១០លានរៀល សម្រាប់កសាងវត្ត និងតម្រូវការប្រចាំថ្ងៃរបស់វត្ត ព្រមទាំងចែកជូនយាយជី តាជី ក្នុងម្នាក់ៗទទួលបាន១ម៉ឺនរៀល ព្រមទាំងក្រមា និងក្រណាត់ស បានគ្រប់ៗគ្នា។
*វត្តឧត្តមគិរីវង្សស្រះ ហៅវត្តស្រះ ប្រគេនបច្ច័យចំនួន៣លានរៀល និងគ្រឿងឧបភោគ បរិភោគ សរុបថវិការអស់ប្រមាណជាង២០លានរៀលផងដែរ៕