(ភ្នំពេញ)៖ នៅក្នុងកម្មវិធី «វេទិកាការងារ» ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបានសហការជាមួយក្រុមហ៊ុនធំៗចំនួន៤ ជាលទ្ធផលឃើញថា បេក្ខជនចំនួន ១២នាក់ជាប់ជាស្ថាពរ និង ១៤៣នាក់ទៀតជាប់បឋមជាមួយក្រុមហ៊ុនទាំង៤។

កម្មវិធីវេទិកាការងារ ដែលបានធ្វើឡើងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ មានសិស្ស\និស្សិត យុវជន អ្នកស្វែងរកការងារធ្វើ បានមកដាក់ពាក្យ និងសម្ភាសផ្ទាល់ ចំនួន ១៩៦នាក់ (ស្រី ១១៩នាក់)។

ក្រុមហ៊ុនធំៗទាំង៤ ដែលបានចូលរួមក្នុងវេទិកាការងារនេះ ហើយត្រូវការជ្រើសរើសបុគ្គលិកជាង ៣០០នាក់នោះ រួមមាន៖ Cogetel Ltd. (ONLINE), BS Land & Home Co., Ltd, DFI LUCKY PRIVATE LIMITED, Fair Plus Supermarket ។

គួរបញ្ជាក់ផងដែរថា កម្មវិធី «វេទិកាការងារ» គឺជាផ្នែកមួយនៃយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបាន កាន់តែងាយស្រួល ចំណេញពេលវេលា និងនៅមួយកន្លែង។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៉ីអេខ្មែរ)៕