(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានទទួលជួបលោកស្រី Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋគុយបា ប្រចាំកម្ពុជា និងសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មរវាងប្រទេសទាំងពីរ។

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ចំពោះ លោកស្រី ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា ហើយក៏ថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋគុយបាផងដែរ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ យ៉ាងល្អប្រសើរ មកកម្ពុជា លើវិស័យកសិកម្ម តាមរយៈការផ្តល់ទស្សនកិច្ចផ្លូវការ ទៅប្រទេសគុយបា ដល់មន្ត្រីក្រសួង ដើម្បីសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍។

លោករដ្ឋមន្ត្រី វេង សាខុន សង្ឃឹមថា បេសសកម្មរបស់លោកស្រី នៅកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើការផ្លាស់ប្ដូរបទពិសោធន៍ និងទស្សនវិស័យក្នុងការអភិវឌ្ឍវិស័យកសិកម្ម។

លោកស្រីឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដោយភាគីគុយបា បានខិតខំប្រឹងប្រែងចែករំលែកចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ការងារជាច្រើន ដល់មន្ត្រីជំនាញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើផ្នែកដាំដុះ ផលិតកម្មសត្វ និងវារីវប្បកម្ម ដើម្បីចូលរួមអភិវឌ្ឍន៍ វិស័យកសិកម្មនៅកម្ពុជា។

អ្វីដែលគួរឲ្យសោកស្ដាយនោះ គឺដោយសារស្ថានភាពបច្ចុប្បន្ន ការគោរពចំណងមិត្តភាពខួបលើកទី៦០ នៃចំណងការទូតរវាងប្រទេសទាំងពីរ គឺមិនអាចប្រព្រឹត្តទៅបាន។

ពាក់ព័ន្ធនឹងប្រធានបទខាងលើ លោកស្រី ក៏បានធ្វើការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានចំណាត់ការ និងវិធានការដ៏មានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ជំងឺវីរុសកូវីដ-១៩ និងរក្សាបាននូវសន្តិសុខស្បៀង។

លោកស្រីក៏បានបន្ថែមផងដែរថា ប្រទេសគុយបាបានស្រាវជ្រាវ និងអភិវឌ្ឍន៍វាក់សាំងការពារជំងឺវីរុសកូវីដ-១៩ ប្រកបដោយជោគជ័យ ហើយសង្ឃឹមថា នឹងអាចដាក់ចេញប្រើប្រាស់ជាផ្លូវការ ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។

លោករដ្ឋមន្ត្រី វេង សាខុន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសគុយបា ជាពិសេសក្នុងវិស័យសុខាភិបាល ដោយបានបង្កើតវាក់សាំងការពារជំងឺវីរុសកូវីដ-១៩ ហើយសង្ឃឹមថា ប្រទេសគុយបា នឹងអាចចែករំលែកវាក់សាំងការពារនេះ មកកម្ពុជានាពេលខាងមុខ។

លោករដ្ឋមន្ត្រី វេង សាខុន បានបន្ថែមថា ជំងឺវីរុសកូវីដ-១៩ នេះប្រាកដណាស់បានបង្អាក់ដំណើរនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា មានភាពជឿជាក់លើសមត្ថភាពគ្រប់គ្រងរបស់ខ្លួន និងបានឆ្លើយតបក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀង យ៉ាងមានប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ ដើម្បីឲ្យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ អាចប្រព្រឹត្តទៅដោយជោគជ័យ លោករដ្ឋមន្ត្រី វេង សាខុន បានស្នើឲ្យមានកិច្ចប្រជុំថ្នាក់បច្ចេកទេស ដើម្បីឲ្យក្រុមការងារ នៃប្រទេសទាំងពីរពិនិត្យ និងពិចារណាលើការធ្វើកសិ-ពាណិជ្ជកម្ម ផ្លាស់ប្ដូរបទពិសោធន៍គ្នា លើការធ្វើទំនើបកម្មកសិកម្ម បច្ចេកវិទ្យាទំនើប ជាពិសេសលើដំណាំអំពៅ និងដំណាំកសិកម្មផ្សេងទៀតដែលមានសក្តានុពុល ដើម្បីរុញកំណើននៃការអភិវឌ្ឍវិស័យកសិកម្ម ឲ្យកាន់តែរីកចម្រើន។

ជាការឆ្លើយតប លោកស្រី បានឯកភាពចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រី វេង សាខុន ក្នុងការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្ម នៃប្រទេសទាំងពីរ។ លោកស្រីសន្យាថា នឹងប្រឹងប្រែងអស់លទ្ធភាពដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត៕