(ភ្នំពេញ)៖ លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូគណៈកម្មាធិការសង្គមកិច្ចអាយប៉ាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចអន្តរសភាអាស៊ានអាយប៉ា នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ ដែលរដ្ឋសភាប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ តាមរយៈប្រព័ន្ធវីដេអូ។

សមាសភាពគណៈប្រតិភូកម្ពុជាដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ក្រោមប្រធានបទស្ដីពី «ការធ្វើឱ្យប្រសើរឡើងនូវតួនាទីអាយប៉ា ក្នុងការគាំទ្រសហគមន៍វប្បធម៌ សង្គម អាស៊ាន ឆ្លើយតបទៅនឹងជំងឺកូវីដ-១៩» នាពេលនេះរួមមាន៖ លោកស្រី អ៊ុន សុគន្ធា សមាជិការដ្ឋសភា លោក អ៊ុក ដាមរី សមាជិករដ្ឋសភា លោក សាយ បូរិន សមាជិកព្រឹទ្ធសភា លោកស្រី ម៉ក់ វណ្ណស៊ីថា សមាជិការដ្ឋសភា លោក ព្រហ្ម វិរៈ អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន និងមន្ត្រីជំនាញមួយចំនួនទៀត។

លោកស្រី និន សាផុន បានផ្ដល់បទអន្តរាគមន៍ទៅកាន់កិច្ចប្រជុំថា ជំងឺកូវីដ១៩ បានគំរាមគំហែងដល់ការរស់នៅប្រចាំថ្ងៃរបស់សហគមន៍អាស៊ាន មិនត្រឹមតែសុវត្ថិភាពសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាបានប៉ះពាល់ដល់ទំលាប់របៀបរស់នៅ សេដ្ឋកិច្ច សង្គម និងគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិតនៅទូទាំងពិភពលោក។

លោកស្រីបន្តថា សម្រាប់ប្រទេសកម្ពុជា ស្ថានភាពកូវីដ១៩ មិនធ្ងន់ធ្ងរទេ ដោយសារមិនមានការឆ្លងក្នុងសហគមន៍នៅក្នុងប្រទេសនោះទេ។ ករណីឆ្លងបច្ចុប្បន្ន គឺត្រូវបាននាំចូលទាំងអស់ ហើយមានអត្រាមរណភាពសូន្យ។ កត្តានេះដោយសារប្រទេសកម្ពុជាបានដាក់ចេញនូវវិធានការតឹងរឹង ដើម្បីការពារ ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយបង្កើតជាសមរភូមិចំនួន៣ គឺទី១ ទប់ស្កាត់ការកើតឡើង នៃករណីដែលបាននាំចូលមកប្រទេសកម្ពុជា ទី២ ការការពារ ការចម្លងក្នុងសហគមន៍ និងទី៣ គឺផ្តល់ការព្យាបាលដល់អ្នកឆ្លង។

លោកស្រីប្រធានគណៈប្រតិភូបានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាបានដំណើរការបើកប្រាក់ឧបត្ថម្ភដើម្បីឆ្លើយតបនឹងផលប៉ះពាល់សង្គមនៃជំងឺកូវីដ១៩ ដោយផ្តល់ការគាំទ្រដល់ប្រជាជនងាយរងគ្រោះដែលបានបាត់បង់ប្រាក់ចំណូលរបស់ពួកគេ។ ទោះយ៉ាងណាក៏ដោយ នៅក្នុងបរិបទសាកលភាវូបនីយកម្ម និងសមាហរណកម្មតំបន់ លោកស្រីជឿជាក់ថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាការងើបឡើងវិញ នៃសេដ្ឋកិច្ចសង្គមបន្ទាប់ពីវិបត្តិរាតត្បាតមិនអាចត្រូវបានដោះស្រាយនៅក្នុងថ្នាក់ជាតិទេ គឺទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិស៊ីជម្រៅ និងពង្រីកស្មារតីនៃមនុស្សធម៌ និងសាមគ្គីភាពដើម្បីប្រយុទ្ធប្រឆាំង នឹងសមរភូមិរួមនេះ។ ក្នុងន័យនេះ ប្រទេសកម្ពុជាអំពាវនាវឱ្យមានការសហប្រត្តិបត្តិការស្អិតរមួត និងឯកភាពគ្នាទាំងនៅថ្នាក់តំបន់ និងពិភពលោក។

លើសពីនេះទៅទៀតខណៈពេលដែលពិភពលោកកំពុងរង់ចាំការរកឃើញវ៉ាក់សាំងនៃកូវីដ១៩ កម្ពុជាអំពាវនាវឱ្យមានការអនុម័តលើវ៉ាក់សាំងថាជាទំនិញសាធារណៈសកល ដែលប្រជាជនគ្រប់ទីកន្លែងអាចប្រើប្រាស់បាន ដូចដែលសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា «យើងសង្ឃឹមថានៅពេលដែលវ៉ាក់សាំង កូវីដ១៩ ត្រូវបានបង្ហាញថាមានប្រសិទ្ធិភាព វ៉ាក់សាំង នឹងត្រូវបានប្រើប្រាស់សម្រាប់មនុស្សជាតិ និងជាទំនិញទូទៅលើសកលលោកផងដែរ»។

ចំណែកនៅក្នុងបទអន្តរាគមន៍របស់ប្រតិភូសភាប្រទេសអាស៊ានផ្សេងៗទៀត សុទ្ធតែបានលើកឡើងពីផលប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម នៃប្រទេសរៀងៗខ្លួនដោយសារការរាតត្បាតនៃមេរោគកូវីដ១៩ និងបានជំរុញឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើង និងគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព ក្នុងចំណោមសមាជិកអាយប៉ា ដើម្បីជម្នះរាល់បញ្ហាប្រឈម និងគាំទ្រដល់រដ្ឋជាសមាជិកអាស៊ានដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងកិច្ចការពារសុវត្ថិភាពសង្គម និងសុខុមាលភាព ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាត រួមទាំងជំងឺកូវីដ១៩ផង លើប្រជាជនក្នុងតំបន់អាស៊ាន។ ជាពិសេសក្រុមងាយរងគ្រោះ តាមរយៈការផ្ដល់សេវាសង្គមឲ្យបានគ្រប់គ្រាន់ និងការការពារបុគ្គលិកជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រួមទាំងបុគ្គលិកសុខាភិបាល និងបុគ្គលិកសង្គម៕