(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល បានដឹកនាំក្រុមការងារ របស់លោកស្រី និងក្រុមគ្រួសារ នៅថ្ងៃនេះបានអញ្ជើញចូលរួមពិធីរាប់បាត្រ ដាឆ្លងបុណ្យកាន់បិណ្ឌវេណទី៦ និងបាននាំយកទេយ្យវត្ថុ និងថវិកាទៅប្រគេនដល់ព្រះសង្ឃ ចំនួន៥វត្ត។

នៅក្នុងឱកាសបុណ្យកាន់បិណ្ឌនេះផងដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឆ្លៀតពេលដឹកនាំក្រុមការងាររបស់លោកស្រី ទៅកាន់បិណ្ឌនៅវត្តចំនួន៥ ដែលមានទីតាំងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីជាការឧទ្ទិសកុសល ផលបុណ្យ ទៅដល់ញាតិកាលទាំង៧សន្តាន និងយុទ្ធជន យុទ្ធនារី ពលីជូនជាតិ ដែលបានចែកឋានទៅ ហើយលោកស្រីបានអញ្ជើញចូលរួមពិធីរាប់បាត្រ ដាឆ្លងបុណ្យកាន់បិណ្ឌវេណទី៦ និងបាននាំយកទេយ្យវត្ថុ និងថវិកាមួយចំនួនទៅប្រគេនព្រះសង្ឃផងដែរ។

បើតាមលោកស្រី លាង ធារ៉ា បានឲ្យដឹងថា លោកស្រី និងស្វាមី ពិតជាសប្បាយចិត្តនិងជ្រះថ្លា ក្នុងចិត្តជាខ្លាំង ដែលមានកិត្តិយសបានរួមដំណើរជាមួយ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន, លោកស្រីភរិយាថ្នាក់ដឹកនាំ លោកឧកញ្ញា, លោក, លោកស្រី មន្ត្រីរាជការក្រោមឱវាទរបស់លោកស្រីអ៊ុំ និងក្រុមគ្រួសារកាន់បិណ្ឌ វេនទី៦ គឺលោកស្រី បានដឹកនាំក្រុមការងារទៅវត្តចំនួន៥គឺ៖

១. វត្តមុន្នីប្រសិទ្ធិវង្ស
២. វត្តអង្គសិរីសួស្តី
៣. វត្តច័ន្ទបុរីវង្ស
៤. វត្តសុវណ្ណវារី
៥. វត្តមហានន្ទិយនេរញ្ចរារាមនិវេទ ឬ (វត្តព្រែកប្រាំង) ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ នៃខេត្តកណ្តាល និងរាជធានីភ្នំពេញ។

សូមជម្រាបផងដែរថា ជានិច្ចកាល លោកស្រី លាង ធារ៉ា និងស្វាមី តែងតែបង្ហាញវត្តមាន ចូលរួមយ៉ាងសកម្មជាមួយ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទាំងការងារសប្បុរសធម៌ និងការធ្វើបុណ្យផ្សេងៗ។ ដោយលោកស្រី ចាត់ទុកលោកស្រី ម៉ែន សំអន ជាគំរូល្អ ហើយតែងតែប្រតិបត្តិតាមការណែនាំរបស់លោកស្រីអ៊ុំ៕