(កំពត)៖ រដ្ឋបាលខេត្តកំពត បានដាក់ចេញនូវផែនការអភិវឌ្ឍន៍ទេសចរណ៍ រយៈពេល៥ឆ្នាំ (២០១៩-២០២៣) និងបានប្តេជ្ញាថានឹងធ្វើឲ្យមានកំណើនទេសចរប្រមាណ ២.៥លាននាក់ នៅឆ្នាំ២០២៣។ ការប្តេជ្ញាបែបនេះ ក្នុងបើកសិក្ខាសាលាផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពត នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខេត្តកំពត ក្រោមអធិបតីភាពលោក ជាវ តាយ អភិបាលខេត្តកំពត។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានធ្វើបង្ហាញនៅក្នុងសិក្ខាផ្សព្វផ្សាយផែនការអភិវឌ្ឍទេសចរណ៍ខេត្តរយៈពេល៥ឆ្នាំនេះថា ចំនួនភ្ញៀវទេសចរខេត្តកំពត មានការកើនឡើងជារៀងរាល់ឆ្នាំ ដោយសារកត្តាសុខសន្តិភាព សេដ្ឋកិច្ច ការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចតេជោ និងរួមផ្សំជាមួយសកត្តានុពលសំបូរបែបរបស់ខេត្តផងដែរ។ ជាក់ស្តែនៅឆ្នាំ២០១៩ កន្លងទៅ ទេសចរមានចំនួនជាង ១.៦លាននាក់ កើនឡើង ២.១៧% បើធៀបនឹងឆ្នាំ២០១៨ ដែលមានភ្ញៀវជាង ១.៤លាននាក់។

នៅក្នុងផែនការអភិវឌ្ឍទេសចរណ៍រយៈពេល៥ឆ្នាំ មន្ត្រីជំនាញពាក់ព័ន្ធ ពិសេសរដ្ឋបាលខេត្តថានឹងរួមគ្នាប្តេជ្ញាខិតខំធ្វើឲ្យមានកំណើនភ្ញៀវទេសចរ ២.៥លាននាក់ នៅឆ្នាំ២០២៣ ខាងមុខនេះ។

លោក ជាវ តាយ បានឱ្យដឹងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម បង្កើតឱកាសមុខរបរ បង្កើនប្រាក់ចំណូលលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្តបញ្ជាក់ថា ផែនការអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០១៩-២០២៣ បានបង្ហាញនូវចក្ខុវិស័យច្បាស់លាស់សម្រាប់អនាគតនៃការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកំពត ដោយផ្តោតជាសំខាន់ទៅលើទិសដៅយុទ្ធសាស្ត្រ រួមមាន៖ ការអភិវឌ្ឍន៍ផលិតផលទេចរណ៍ ការសិក្សាទីផ្សារ ការផ្សព្វផ្សាយ ការតភ្ជាប់ និងការសម្រួលការធ្វើដំណើរ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ ការអភិវឌ្ឍសម្បទាទ្រទ្រង់ទេសចរណ៍ ការអភិរក្សធនធានវប្បធម៌ និងធម្មជាតិ ការអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងផលប៉ះពាល់ជាអវិជ្ជមាននៃវិស័យទេសចរណ៍។

ផែនការអភិវឌ្ឍន៍នេះក៏ចង្អុលបង្ហាញពីការសិក្សាបញ្ហាប្រឈមហានិភ័យ ចំណុចខ្លាំងកាលានុវត្តភាព និងការដាក់ចេញនូវយុទ្ធសាស្ត្រ វិធានការ ផែនការសកម្មភាព យន្តការដើម្បីអនុវត្ត និងការត្រួតពិនិត្យវាយតម្លៃ។

លោកអភិបាលខេត្តក៏បានដាក់ចេញនូវអនុសាសន៍អាទីភាព ១២ចំណុច រួមមាន៖

១៖ គ្រប់ភាគីពាក់ព័ន្ធ មន្ទីរ អង្គភាព ជុំវិញខេត្ត ក្រុង ស្រុកត្រូវយកចិត្តទុកដាក់អនុវត្តតាមសមត្ថកិច្ចរបស់ខ្លួនដែលបានរៀបរាប់នៅក្នុងផែនការ។

២៖ សម្របសម្រួលជំរុញការកសាងកំពុងផែទេសចរណ៍អន្តរជាតិឲ្យរួចរាល់នៅឆ្នាំ២០២១ តាមពេលកំណត់។

៣៖ ជំរុញការអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរមាសតេជោសែនកំពត ដើម្បីបម្រើដល់ទេសចរមកកម្សាន្ត។

៤៖ រដ្ឋបាលខេត្តធ្វើសិក្សាពីលទ្ធភាពនៃការកសាងស្ពានថ្មីឆ្លងព្រែកកំពង់បាយមួយកន្លែងបន្ថែមទៀត។

៥៖ រួមគ្នាកែលម្អសោភ័ណ្ឌភាពក្រុង ឲ្យកាន់តែមានភាពទាក់ទាញ បរិស្ថានបៃតងស្អាត គ្មានសំរាម ឬធូលី។

៦៖ រក្សាឲ្យបាននូវជ័យលាភីផ្ការំដួល៣ទង និងទីក្រុងទេសចរណ៍ស្អាតអាស៊ាន។

៧៖ ជំរុញឲ្យក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍។

៨៖ មន្ទីរទេសចរណ៍ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការអនុវត្តផែនការ ដោយតម្រូវឲ្យមានការប្រជុំរៀងរាល់ ៣ខែម្តង។

៩៖ មន្ទីរបរិស្ថាន មន្ទីរដែនដី ត្រូវសហការគ្នា ធ្វើជាសេនាធិការឲ្យគណៈកម្មាធិការគ្រប់គ្រងអភិវឌ្ឍតំបន់ឆ្នេរ។

១០៖ ពង្រីកកញ្ចប់ខ្សែទស្សនកិច្ចទេសចរណ៍នៅតាមតំបន់កោះ និងឆ្នេរបន្ថែមទៀត។

១១៖ មន្ទីរទេសចរណ៍ ត្រូវសិក្សាទីតាំង ដើម្បីកសាងមជ្ឍមណ្ឌលព័ត៌មានបន្ថែម។

១២៖ ក្នុងរដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលនឹងខិតជិតមកដល់ទេសចរនឹងមកលេងខេត្តកំពតច្រើន ដូច្នេះមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ អាជ្ញាធរ ត្រូវចុះជំរុញដល់អាជីវករ កន្លែងកម្សាន្ត អ្នកផ្តល់សេវាទេសចរទាំងអស់ឲ្យចូលរួមអនុវត្តវិធានការសុខាភិបាលដើម្បីទប់ស្កាត់កូវីដ១៩។

អនុសាសន៍ចំនួន១២ចំណុចនេះ ដើម្បីឲ្យគ្រប់ភាគីពាក់ព័ន្ធ មន្ទីរ អង្គភាពជុំវិញខេត្ត យកចិត្តទុកដាក់ចូលរួមអនុវត្តនូវសកម្មភាពនានាដែលជាសមត្ថកិច្ចរបស់ខ្លួន ហើយមានចែងនៅក្នុងផែនការអភិវឌ្ឍន៍នេះជាសកម្មភាពអាទិភាព ដោយដាក់បញ្ជូលបន្ស៊ីគ្នាទៅនឹងផែនការសកម្មភាពប្រចាំឆ្នាំ ផែនការបីឆ្នាំរំកិលរបស់ខ្លួន ជាពិសេសការគ្រប់គ្រងអនាម័យឱ្យបានល្អរប្រសើ៕