(ព្រះវិហារ)៖ អគារបណ្ណាល័យ២ខ្នង ស្ថិតក្នុងសាលាបឋមសិក្សាសំបូរ និងមួយខ្នងទៀត ស្ថិតក្នុងសាលាបឋមសិក្សាគុណភាព ក្នុងឃុំឆែបពីរ ស្រុកឆែប តម្លៃ៥ម៉ឺនដុល្លារ ត្រូវបានសម្ភោធដាក់ឲ្យ ប្រើប្រាស់នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោមវត្តមានលោក សុក សាន្តតារ៉ា អភិបាលស្រកឆែប និងមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះលោក សុក សាន្តតារ៉ា បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកទេសរដ្ឋមន្ត្រី មាស សុភា រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដែលជានិច្ចជាកាលលោកតែងគិតគូរយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តរបស់យើង។

អភិបាលស្រុក បានថ្លែងទៀតថា ក្នុងកំលុងពេលដែលពិភពលោកកំពុងជួបប្រទះជំងឺកូវីដ១៩ ដែលមានការឆ្លងរីករាលដាលនៅទូទាំងពិភពលោក ក្នុងនោះប្រទេសកម្ពុជាក៏ទទួលនៅការឆ្លងជំងឺ កូវីដ១៩នេះផងដែរ ធ្វើឲ្យប៉ះពាល់ស្ទើរគ្រប់វិស័យ ជាពិសេសដល់ការសិក្សារបស់សិស្សានុសិស្ស រហូតផ្អាកការសិក្សាមុនការកំណត់។

ជាមួយគ្នានេះ លោកបានផ្តាំឲ្យលោកគ្រូ អ្នកគ្រូ ត្រូវគិតគូរពីបញ្ហាសុវត្ថិភាពសុខភាពជាចម្បងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយឲ្យសិស្សឧស្សាហ៍លាងសម្អាតដៃ និងពាក់ម៉ាស់អោយបានគ្រប់ៗគ្នា។

លោក សុក សាន្តតារ៉ា បានថ្លែងអំណរគុណដល់អង្គការទស្សនៈពិភពលោក ដែលបានចូលរួមលើកកម្ពស់គុណភាព និងប្រសិទ្ធិភាព នៃការសិក្សារបស់សិស្ស ដោយបានផ្តល់អគារបណ្ណាល័យចំនួន ២ខ្នងធ្វើអំពីបេតុង ដែលមានទំហ៊ំ៧ម៉ែត្រគុណ៩ម៉ែត្រស្មើគ្នា និងបានបំពាក់សម្ភារគ្រប់គ្រាន់ដោយចំណាយអស់ថវិកាចំនួន៥ម៉ឺនដុល្លារ៕