(ឧត្ដរមានជ័យ)៖ លោកស្រី ហេង សំអាន ភរិយាលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានកិត្តិយសសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ ចូលរួមក្នុងពិធីដាក់បិណ្ឌវេនទី៧ នៅវត្តជយ័ឧត្តមចុងកាល់ ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

នៅក្នុងពិធីនោះផងដែរ លោកស្រី ហេង សំអាន និងក្រុមការងារ បានបូជាទៀនធូបផា្កភ្ញីចំពោះ ព្រះរតនត្រៃសមាទានសិល ធ្វើកិច្ចនមស្សការ ព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈជាច្រើនមុខ ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបិតាជីដូនជីតាញាតិការទាំង ៧សណ្ដាន។

លោកស្រី ហេង សំអាន ក៏បាននាំយកបច្ច័យចំនួន ៣,០០០,០០០លាន រៀល ប្រគេនព្រះសង្ឃសម្រាប់ទុកចាត់ចែង និងកសាង នៅសមិទ្ធិផលនានាក្នុងវត្ត
និងចតុបច្ច័យ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងជូនយាយជី តាជីជាង ១០០នាក់ អស់ថវិកាចំនួន ៣,៣៥០,០០០លាន រៀលផងដែរ។

សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យសាសនាធំប្រចាំឆ្នាំ ដែលមានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ ក្នុងរយៈពេល១៥ថ្ងៃនេះ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានអញ្ជើញនាំយកចង្ហាន់ ទេយ្យទាន ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅតាមវត្តអារាម ទូទាំងប្រទេស ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ញាតិសន្តាន ដែលបានចែកឋានទៅហើយ ឬនៅរស់រានមានជីវិតក្តី៕