(ព្រះសីហនុ)៖ មនុស្ស៦នាក់ ក្នុងនោះខ្មែរ៥នាក់ និងជនជាតិចិនម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនបាននៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ក្រោយធ្វើសកម្មភាពបន្លំជានគរបាល ហើយដើរជំរិតទារប្រាក់ពីប្រជាពលរដ្ឋ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះថា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៨ ខែកញ្ញា មានជនជាតិចិនម្នាក់ បានមកដាក់ពាក្យបណ្តឹងថា នៅយប់ថ្ងៃទី០៦ ខែកញ្ញា មានជនសង្ស័យមួយក្រុម ជាជនជាតិខ្មែរ៥ ស្លៀកពាក់ស៊ីវិល ជិះរថយន្តមួយគ្រឿង ប្រភេទ PICK UP ពណ៌ស និងម៉ូតូ២គ្រឿង អះអាងថា ជាមន្ដ្រីនគរបាលបានធ្វើសកម្មភាពកាក់រថយន្ត របស់ជនរងគ្រោះជាជនជាតិចិនមួយគ្រឿង ម៉ាក Prius ពណ៌ក្រហម ពាក់ផ្លាកលេខព្រះសីហនុ2C-9291 ខណៈពេលដែលជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ទៅបុរីគុជអាស៊ី ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។

ជនរងគ្រោះបានបញ្ជាក់ទៀតថា បន្ទាប់មកក្រុមជនសង្ស័យទាំងនោះ បានធ្វើការឆែកឆេរក្នុងរថយន្តរបស់ជនរងគ្រោះ ក៏បានទម្លាក់គ្រឿងញៀនមួយកញ្ចប់ នៅក្នុងរថយន្តរបស់ជនរងគ្រោះ ដើម្បីចោទប្រកាន់ថា គ្រឿងញៀនជារបស់ជនរងគ្រោះ រួចគំរាមទារប្រាក់ពីជនរងគ្រោះចំនួន៤,០០០ដុល្លារ បើមិនព្រមឲ្យទេក្រុមជនសង្ស័យទាំងនោះ នឹងចាប់ជនរងគ្រោះទៅប៉ុស្តិ៍នគរបាល។ ដោយមានការភ័យខ្លាច ជនរងគ្រោះក៏ទូរស័ព្ទទៅប្រពន្ធដើរ ខ្ចីលុយពីមិត្តភ័ក្របានចំនួន២,៣០០ដុល្លារ យកទៅប្រគល់ឲ្យក្រុមជនសង្ស័យ ដោយសន្យាថា ប្រាក់ដែលនៅសល់នឹងឲ្យនៅពេលក្រោយ។

បន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ដោយមានបញ្ជារដឹកនាំពីលោក គួច ចំរើន អភិបាលខេត្ត និងក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញាខេត្ត, លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានអត្តសញ្ញាណរបស់ជនសង្ស័យ និងឈានដល់ការចាប់ឃាត់ខ្លួន បានជនសង្ស័យសរុប៦នាក់ (ជនជាតិចិនម្នាក់) ជាបន្តបន្ទាប់ នៅវេលាម៉ោង០៧៖៣០នាទីយប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។

ជនសង្ស័យទាំង៦នាក់ រួមមាន ទី១៖ឈ្មោះ ហាក់ សុធាបញ្ញា អាយុ៣០ឆ្នាំ មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ, ទី២៖ឈ្មោះ អ៊ួន ប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ , ទី៣៖ឈ្មោះ ចិន ប៊ុនធឿន ហៅរាជ្យ អាយុ២៧ឆ្នាំ មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ, ទី៤៖ឈ្មោះ ចំរើន លាងម៉េង អាយុ២៧ឆ្នាំ មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ, ទី៥៖ឈ្មោះ ស៊ឹម សុខដា អាយុ៣០ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ និងទី៦៖ឈ្មោះ ZHOU DONGYA អាយុ៣០ឆ្នាំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានកាក់ឃាត់រថយន្តឆែកឆេរក្នុងរថយន្ត និងជំរិតទារយកប្រាក់បាន ចំនួន២,៣០០ដុល្លារពីជនរងគ្រោះប្រាកមែន។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅចាត់ការបន្ដតាមនីតិវិធី៕