(កណ្ដាល)៖ ក្នុងចំណោមគ្រឹះស្ថានអប់រំ របស់រដ្ឋចំនួន៥៤១ នៅទូទាំងខេត្តកណ្ដាល មានសាលាមួយចំនួន កំពុងខ្វះខាតសម្ភារពាក់ព័ន្ធ នឹងការទប់ស្កាត់ជំងឺកូវីដ១៩ តួយ៉ាងដូចជា ឧបករណ៍វាស់កម្ដៅ ម៉ាស និង អាល់កុលជាដើម ខណៈមួយចំនួនដែលខ្វះនោះ គឺមានតិចតួចប៉ុណ្ណោះ រីឯសាលារៀនមួយចំនួនធំ អនុវត្តន៍តាមគោលការណ៍បានល្អបំផុត។

នេះបើតាមការផ្ដល់សម្ភាសន៍រវាង លោក ចេង សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល ជាមួយអ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល តាមរយៈ Telegram នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ។

លោក ចេង សំអុល បានបន្ថែមថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យបើកគ្រឹះស្ថានអប់រំឡើងវិញ មន្ទីរអប់រំខេត្ត បានរៀបចំតាមគោលការណ៍ បានយ៉ាងច្បាស់លាស់ ដ្បិតពុំទាន់បាន១០០% ប៉ុន្តែនឹងឈានទៅដល់ការសម្រេច តាមផែនការ ក្នុងន័យចូលរួមទប់ស្កាត់ពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកបញ្ជាក់ទៀតថា ការសិក្សារបស់ក្មេងៗ មានរៀបចំជាដំណាក់កាល កាលបរិច្ឆេទ វេនឆ្លាស់គ្នា ហើយការសិក្សាមានចំនួន កំណត់ថ្ងៃក្នុងមួយសប្ដាហ៍ ពោលគឺមត្តេយ្យសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា មានការសិក្សាឆ្លាស់វេនគ្នា ឆ្លាស់ថ្ងៃគ្នា ដោយមិនឲ្យពាក់ព័ន្ធគ្នាឡើយ។ រីឯអ្នកលក់ដូរវិញ ត្រូវបានហាមឃាត់មិនឲ្យមានការលក់ដូរ នៅក្នុងបរិវេណសាលា ឬ ក្រៅសាលាឡើយ។

ទន្ទឹមនឹងសារនេះ លោកប្រធានមន្ទីរ ក៏បានសំណូមពរដល់មាតាបិតាសិស្ស និងសិស្សសាលាផ្ទាល់ ត្រូវចូលរួមទាំងអស់គ្នា ក្នុងការអនុវត្តន៍តាមវិធានការប្រឆាំងកូវីដ១៩ ដោយអនុវត្តន៍តាមគោលការណ៍ ដែលក្រសួងសុខាភិបាលបានដាក់ចេញមក ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងជំងឺនេះ ជាយថាហេតុណាមួយ៕