(បាត់ដំបង)៖ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ លោកឧកញ៉ា លឹម ទាឡេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមខ្មែរ-ចិន (សាលា រៀនភាសារខ្មែរ-ចិន លាន ហួរ) ប្រចាំខេត្តបាត់ដំបង បានបង្កទំនាស់ជាមួយប្រជាពលរដ្ឋជាង១០គ្រួសារ នៅចំណុចផ្លូវបេតុងក្រោយផ្សារ ភួ ពុយ ក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបងម្តងទៀត។

ករណីនេះបានធ្វើឲ្យលោក ភួ ប៉ូយ ប្រធានសមាគមខ្មែរ-ចិន មិនសប្បាយចិត្តជាខ្លាំង និងមិនគាំទ្រ ដោយធ្វើការនៅជាមួយគ្នា ហើយនិយាយចេះស្តាប់។

តាមព័ត៌មានដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃនេះ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ មានបញ្ហាម្តងហើយរវាងលោកឧកញ៉ា លឹម ទាឡេង និងប្រជាពលរដ្ឋ ដោយលោក លឹម ទាឡេង បានដាំរបងថ្មនៅលើដីសមាគម ហើយកាយអាចម៌ដីកើតជាប្រឡាយធ្វើឲ្យប្រជាពលរដ្ឋ ផ្ទុះកំហឹងតវ៉ាដោយបាត់បង់ និងប៉ះពាល់ផ្លូវធ្វើដំណើរ របស់ពួកគាត់ (ដីរដ្ឋ)។

ក្រោយពីមានប្រតិកម្មរវាងភាគីទាំង២មក លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានដឹកនាំក្រុមការងារចុះបញ្ចប់បញ្ហាកាយប្រឡាយបាត់បង់ផ្លូវដើរ (ដីរដ្ឋ) រវាងលោកឧកញ៉ា លឹម ទាឡេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមខ្មែរ-ចិនប្រចាំខេត្តបាត់ដំបង និងប្រជាពលរដ្ឋជាង១០គ្រួសារ នៅចំណុចផ្លូវបេតុងក្រោយផ្សារ ភួ ពុយ ក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបងរួចរាល់។

លុះដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ស្រាប់តែមានសកម្មភាពកាយដីដាក់ដែកកញ្ច្រែងដាំសសរថ្មរឹងមាំ ធ្វើឲ្យប្រជាពលរដ្ឋ មានការតវ៉ាម្តងទៀត ហើយមានតំណាងក្រុមការងារ ក្រុងបាត់ដំបងដោយលោក សុង សឺង ប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូនក្រុង ជាមួយក្រុមប្រឹក្សាសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ចុះមកផ្អាកសកម្មភាពបញ្ឈប់ក្រុមគ្រឿងចក្រជាបន្ទាន់ ហើយហៅមេការទៅធ្វើកិច្ចសន្យានៅសាលាក្រុងនារសៀលនេះផងដែរ។

តាមរយៈហេតុការណ៍កើតឡើងទាំង២លើកនេះហើយ ដែលធ្វើឲ្យលោក ភួ ប៉ូយ ប្រធានសមាគមខ្មែរ-ចិន មិនសប្បាយចិត្តជាខ្លាំង ដែលពួកគាត់ទាំង២នាក់ ធ្វើការនៅសមាគមជាមួយគ្នា និយាយមិនចេះស្តាប់គ្នា មិនព្រមបើកបេះដូងឲ្យទូលាយ ដើម្បីជាប្រយោជន៍រួមខ្មែរតែមួយ៕