(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឱ្យលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង ទទួលផែនគ្រប់គ្រង អាវុធជាតិផ្ទុះ និងអគ្គិភ័យ ត្រូវលុបបំបាត់កន្លែងលក់ហ្គាសអាណាធិបតេយ្យឱ្យអស់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់របស់ប្រជាពលរដ្ឋ។

ក្រោយពីទទួលបានបទបញ្ជានេះរួចមក លោកវរសេនីយ៍ឯក ព្រហ្ម យ៉ត នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំឱ្យ លោកវរសេនីយ៍ទោ គង់ ថូ និងលោកវរសេនីយ៍ទោ ឯម គឹមហ៊ុល នាយរងការិយាល័យ ដោយបានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ-ប៉ុស្តិ៍ ចុះត្រួតពិនិត្យទីតាំងលក់ហ្គាសចំនួន ២ទីតាំង។

* ទីតាំងលក់ហ្គាសទី១ យីហោ «ហាវ៉ៃ» ដែលមានម្ចាស់ឈ្មោះ ជា សុមាលី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ហ្គាស ដែលស្ថិតនៅចំណុចផ្ទះលេខ១០១ ផ្លូវ១៣៦ ក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ។

* ទីតាំងលក់ហ្គាសទី២ យីហោលក់ហ្គាស «បាយ័ន្ត» ដោយមានម្ចាស់ឈ្មោះ ព្រំ សារ៉ន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរលក់ហ្គាស ដែលស្ថិតនៅចំណុចផ្ទះលេខ៤០Eo ផ្លូវ២៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

នៅក្នុងទីតាំងចំនួន ២កន្លែង ដែលកម្លាំងជំនាញបានធ្វើការចុះត្រួតពិនិត្យមើលនោះ ពិតជាមានច្បាប់អនុញ្ញាតប្រកបអាជីវកម្មពិតប្រាកដមែន។ ក្រោយពីធ្វើការត្រួតពិនិត្យមើលទីតាំងចំនួន ២ខាងលើរួចមក កម្លាំងជំនាញរបស់យើងបានធ្វើការណែនាំ និងអប់រំដល់ម្ចាស់ទីតាំង ដែលប្រកបអាជីវកម្មលក់ហ្គាសទាំងអស់ ដោយមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។

សូមរំឮកផងដែរថា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ត បានដឹកនាំមន្ត្រីជំនាញក្រោមឱវាទ ធ្វើការចុះត្រួតពិនិត្យទីតាំងផ្ទះលក់ហ្គាស និងបញ្ចូលហ្គាសចំនួន ៧ទីតាំង នៅក្នុងសង្កាត់ផ្សារកណ្ដាលទី១, ផ្សារកណ្តាលទី២, ផ្សារចាស់ និងសង្កាត់ជ័យជំនះ។ ចំពោះទីតាំងខាងលើចំនួន ៧ទីតាំងនេះ កម្លាំងជំនាញយើងបានចុះធ្វើការត្រួតពិនិត្យដោយក្នុងនោះ សមត្ថកិច្ចយើងបានរកឃើញទីតាំងចំនួន៥ ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដោយឡែកទីតាំងចំនួន២ទៀត គឺពុំមានច្បាប់អនុញ្ញាតប្រកបអាជីវកម្មនោះទេ៕