(បន្ទាយមានជ័យ)៖ ស្ថាប័នតុលាការ នគរបាល អាវុធហត្ថ យោធា ពន្ធនាគារ នៅខេត្តបន្ទាយមានជ័យ និងក្រុមគ្រួសារ បានមូលមតិគ្នាចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្តខ្លាកូនថ្មី 

ក្នុងនោះបានចូលរួមបច្ច័យចំនួន ២.៤៤០.០០០រៀល ដើម្បីយកទៅកសាងក្នុងវត្តបន្តនៅល្ងាចទី៨ ខែកញ្ញា ឆ្នាំ២០២០ សង្កាត់កំពង់ស្វាយ ក្រុងសរីសោភ័ណ និងថ្វាយទានចំពោះព្រះសង្ឃ ដែលគង់ចាំព្រះវស្សារៀនគម្ពីរធម៌វិន័យអស់ត្រីមាសនៅក្នុងវត្ត និងក៏ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន មានមាតា បិតា ជីដូន ជិតានិងញាតិទាំងឡាយក្នុងវត្តសង្សាជាដើម។

ក្នុងនោះគេឃើញថ្នាក់ដឹកនាំនៅតាមអង្គភាព និងក្រុមគ្រួសារ ព្រមទាំងពុទ្ធបរិស័ទ បានបូជាទៀនធូបផា្កភ្ញីចំពោះ ព្រះរតនត្រៃសមាទានសិល ធ្វើកិច្ចនមស្សការបង្សុកុលព្រមទាំង បាននាំយកនូវបច្ច័យ ទេយ្យទាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសំឡ នំចំណីជាច្រើនមុខ ទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃ ជូនទៅដល់វិញ្ញាណក្ខន្ធរបស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់អាយុជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជនពីរបបណានិគមចាស់ថ្មី និងពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឲ្យដួងវិញ្ញាណក្ខន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។

ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២០នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០៕