(បន្ទាយមានជ័យ)៖ លោក ម៉ៅ រិទ្ធីថា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងផ្សាភា្ជប់នូវភាពស្និតស្នាល រវាងថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការតាមបណ្តាខេត្ត និងមូលដ្ឋាន ក៏ដូចជាស្វែងយល់ពីបញ្ហប្រឈម ដែលបានជួបប្រទះកន្លងមក ដើម្បីរួមគ្នាដោះស្រាយ បង្កើនការសាមគ្គីផ្ទៃក្នុងឲ្យបានល្អប្រសើរ ក្នុងគោលដៅអភិវឌ្ឍន៍វិស័យ កសិកម្ម នៅកម្ពុជាប្រកបដោយផ្លែផ្កា។

លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា បន្ទាយមានជ័យជាខេត្តមួយ ដែលប្រជាពលរដ្ឋភាគច្រើនប្រកបរបរកសិកម្ម ក្នុងនោះរួមមាន ដំណាំស្រូវ ដំឡូង ពោត ដំណាំរួមផ្សំ មានបន្លែ និងដំណាំឧស្សាហកម្មការងារផលិតកម្ម និងបសុព្យាបាល។

លោកបានបញ្ជាក់បន្ថែមថា «នាបច្ចុប្បន្ននេះយើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ រស់នៅតាមមូលដ្ឋាន ពួកគាត់មានការខិតខំដាំបន្លែបង្កា ចិញ្ចឹមសត្វរួមមាន៖ មាន់ ទា ជ្រូក តោ និងចិញ្ជឹមត្រី កង្កែប អន្ទង់។ល។ ព្រោះថា ការខិតខំប្រឹងប្រែង របស់ពួកគាត់ គឺអាចជួយបង្កើនសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់បានប្រសើរឡើងមួយកំរិតទៀត»

លោក ម៉ៅ រិទី្ធថា បានថ្លែងថា «បច្ចុប្បន្ននេះយើងបានកត់សម្គាល់ឃើញថា ប្រជាកសិករយើងកំពុងកែប្រែទម្លាប់ ពីការផលិតសម្រាប់បម្រើសេចក្តីត្រូវការរបស់ខ្លួន មកជាការផលិតសម្រាប់លក់ ព្រោះមានតំរូវការទីផ្សារខ្ពស់។ ផ្អែកលើការប្រែប្រួលនេះយើងសន្និដ្ឋានបានថា សហគមន៍កសិកម្មយើងកំពុងក្លាយជាកម្លាំងចលករមួយយ៉ាងសំខាន់ ដែលនាំឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន នៅក្នុងសង្គមជនបទកម្ពុជា»

លោកបន្តថា «នេះបង្ហាញឲ្យយើងឃើញថា កសិករយើងបាននិងកំពុងក្លាយខ្លួនចេញពីកសិករ ទៅជាកសិពាណិជ្ជករ ដើម្បីទទួលបានតម្លៃបន្ថែមក្នុងជីវភាពរស់នៅរបស់ខ្លួន។ ក្នុងបរិបទនេះយើងសង្កេតឃើញថា មានស្ថាប័នជាច្រើនទាំងរដ្ឋ វិស័យឯកជន និងដៃគូរអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលបាន និងកំពុងផ្តល់សេវាកម្ម ដើម្បីបង្កើនចំណេះដឹង និងចំណេះធ្វើដល់កសិករនៅមូលដ្ឋានយ៉ាងសស្រាក់សស្រាំ ហើយក៏មានកសិករជាច្រើនកំពុងបានក្រេបជញ្ជក់យកបទពិសោធន៍ និងទេពកោសល្យ ទាំងអស់នោះយកទៅអនុវត្ត ប្រកបដោយប្រសិទ្ធភាព ឧស្សាហ៍ព្យាយាម និងច្នៃប្រឌិតដោយទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងត្រចេះត្រចង់»

គណៈអធិបតីក៏ បានធ្វើពិធីប្រគល់គ្រឿងឧបករណ៍ដាំស្រូវជូនដល់ប្រជាកសិករក្នុងសហគមន៍ក្នុងខេត្តបន្ទាយមានជ័យចំនួន៥គ្រឿង ដែលជាអំណោយរបស់អង្គការ ជី អាយ សិត កិច្ចសហប្រតិ្តបតិការ អាល្លឺម៉ង់។

ក្នុងឱកាសនោះ ម្ចាស់ជំនួយ និងលោក ម៉ៅ រិទ្ធីថា បានផ្តាំផ្ញើដល់ប្រជាកសិករ ក្នុងសហគមន៍ទាំងអស់ចូលរួមថែរក្សាឧបករណ៍នេះឲ្យបានការប្រើប្រាស់យូរអងែ្វង ហើយត្រូវទុកជាទ្រព្យសម្បត្តិរួម សម្រាប់បំរើដល់ការដាំស្រូវក្នុងសហគមន៍៕