(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា បានទទួលអំណោយជាទឹកសាប៊ូសម្លាប់មេរោគ ចំនួន ១២៥,០០០ដប ពី ឧកញ៉ា ហ្វាក់គី សែចិន ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាតំណាងពិសេសរបស់ក្រសួងពាណិជ្ជកម្ម ប្រចាំនៅប្រទេសចិន ដែលបានផ្ដល់ជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីជូនក្រសួងសុខាភិបាលប្រើប្រាស់ ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាត ជំងឺកូវីដ-១៩។

ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ នាទីស្តីការក្រសួងសុខាភិបាល ក្រោមអធិបតីភាពរបស់លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពីតំណាងរបស់ លោកឧកញ៉ា ហ្វាក់គី សែចិន ផងដែរ។

ក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លា​របស់លោក​ឧកញ៉ា ហ្វាក់គី សែចិន ដែលនេះជាជំនួយលើកទីពីរហើយ ដែលសបញ្ជាក់នូវវប្បធម៌នៃការចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃកូវីដ-១៩ ឱ្យបានកាន់តែឆាប់រហ័ស៕