(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ រដ្ឋបាលឯកភាពខេត្តបាត់ដំបង នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធ បន្តធ្វើការទប់ស្កាត់ ការពារជំងឺឆ្លងកូវីដ-១៩ និងការពារសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងរដូវកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខាងមុខនេះ។

ការជុំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ងួន រតនៈ ដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការរដ្ឋបាលឯកភាពខេត្តបាត់ដំបង ប្រចាំខែសីហា ឆ្នាំ២០២០ នៅសាលាខេត្ត ដោយមានការចូលរួម ពីថ្នាក់អភិបាលរងខេត្ត កងកម្លាំង ប្រតិបត្តិការសឹករងបាត់ដំបង អភិបាលក្រុងស្រុក មន្ទីរជំនាញនានាជុំវិញខេត្តចូលរួមផងដែរ នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ។

បន្ទាប់ពីប្រធានមន្ទីរជំនាញរដ្ឋបាលក្រុង ស្រុក បានឡើងរាយការណ៍ ពីលទ្ធផលការងារ និងមានបញ្ហាប្រឈមនានា ជូនថ្នាក់ដឹកនាំផ្តល់ការណែនាំ និងជួយធ្វើការដោះស្រាយ ពាក់ព័ន្ធនឹងការសុខសុវត្ថិភាព នៅតាមវត្តអារាម និងភោជនីយដ្ឋាននានា ក្នុងអំឡុងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ក្នុងនោះ ក៏មានការអានរបាយការណ៍ ដោយលោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ស្តីពីការដាក់ឲ្យដំណើរការចូលសិក្សា នៅតាមសាលារៀន ឡើងវិញមួយចំនួនក្នុងតំណាក់កាលទី២ តាមរយៈអនឡាញ និងតាមរយៈចូលរៀន ក្នុងថ្នាក់ដោយផ្ទាល់ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ និងក្រសួងសុខាភិបាល ដោយឲ្យកូនសិស្សអង្គុយមានគម្លាតពីគ្នា រក្សាសុវត្តិភាពគម្លាតសង្គម ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ដោយពាក់ម៉ាស លាងដៃជាមួយសាប៊ូ និងអាល់កុលជាប្រចាំ ដោយរៀនក្នុងថ្នាក់តាមរបៀបផ្លាស់វេណគ្នា កាត់បន្ថយចំនួន សិស្សកុំឲ្យច្រើនពេក សម្រាប់ក្នុងថ្នាក់នីមួយៗ។

ក្នុងកិច្ចប្រជុំនេះដែរ រដ្ឋបាលខេត្ត បានផ្សព្វផ្សាយលិខិត របស់ក្រសួងមហាផ្ទៃ ស្តីពីការទប់ស្កាត់ក្រុមយុវជនមួយចំនួន បានបង្កចលាចលបំផុសបំផុល ញុះញង់ ធ្វើឲ្យវឹកវរក្នុងសង្គមតាមរយៈបណ្តាញព័ត៌មានសង្គមនានាផងដែរ។

លោក ងួន រតនៈ បានធ្វើការកោតសសើរ ដល់មន្រ្តីជំនាញនៅតាមស្ថាប័ននានា បានខិតខំធ្វើការងារនេះ បានល្អប្រសើរសម្រេចជោគជ័យ និងសូមឲ្យមន្រ្តីបន្តធ្វើការងារបម្រើប្រជាពលរដ្ឋ ជាពិសេសជនក្រីក្រ ជនងាយរងគ្រោះ និងយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព នៅតាមមូលដ្ឋាន។

លោកប្រធានគណៈបញ្ជាការ បានផ្តាំផ្ញើដល់ពលរដ្ឋបន្ត ការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល នៅតាមសហគមនានា។
អាជ្ញាធរមូលដ្ឋាន ត្រូវតាមដានការឆ្លងជំងឺឈីក និងការពារឲ្យបាន ដែលកំពុងកើតមានឡើង នៅកន្លែងមូលដ្ឋានមួយចំនួន ហើយទប់ស្កាត់កុំឲ្យកើតមានឡើង។

ដោយឡែកស្រុកមួយចំនួន នៅមានករណីទំនាស់រឿងដីធ្លី ដោយមានប្រជាពលរដ្ឋចូលកាន់កាប់ទន្រ្ទានដី យកធ្វើជាកម្មសិទ្ធដោយខុសច្បាប់ ដូច្នេះអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការដោះស្រាយឲ្យអស់កុំឲ្យមានករណីនេះកើតមានបន្តទៀត។

លោក ងួន រតនៈ បានធ្វើការបូកសរុបក្នុងកិច្ចប្រជុំនេះ ដោយបានលើកឡើងពីបញ្ហាគ្រឿងញៀន នៅតែកើតមានឡើង ពុំទាន់បង្រ្កាបអស់នៅឡើយនៅតាមមូលដ្ឋាន នានា។ នៅថ្ងៃឈប់ ថ្ងៃបុណ្យភ្ជំបិណ្ឌ យើងត្រូវតែគោរពយ៉ាងតឹងរឹងបំផុត ក្នុងការទប់ស្កាត់ឆ្លងជំងឺកូវីដ-១៩នេះ ឲ្យបានល្អបំផុត ព្រោះបុណ្យភ្ជំបិណ្ឌនេះ ពុទ្ធបរិស័ទ្ធមានការប្រមូលផ្តុំគ្នាច្រើន នៅតាមក្នុងវត្តអារាមគ្រប់វត្ត។

លោកបានបញ្ជាក់អំពីក្រុមមនុស្សមួយចំនួន បានដើរញុះញង់ បំផុសបំផុល បំពុលបរិយាកាសសង្គមជាតិ បង្កអសន្តិសុខសង្គម ដែលចេតនា ចិញ្ចឹមចិត្តចង់បំផ្លាញសង្គមជាតិ ដែលកំពុងមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍ កំពុងមានការរីកចំរើននាពេលបច្ចុប្បន្ន៕