(ប៉ៃលិន)៖ ដំឡូងមីជាដំណាំមានអំណោយផលខ្ពស់មួយសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិន ដែលមានព្រំដែនជាប់នឹងប្រទេសថៃ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានណែនាំមន្ត្រីពាណិជ្ជកម្ម និងអ្នកពាក់ព័ន្ធក្នុងខេត្តប៉ៃលិនទាំងអស់ ត្រូវសហការគ្នាឱ្យជិតស្និទ្ធ ដើម្បីរក្សាបាននូវចីរភាពផលិតកម្ម និងបង្កើនការនាំចេញដំឡូងមីនេះ។

លោករដ្ឋមន្ត្រីពាំណិជ្ជកម្ម បានណែនាំបែបនេះក្នុងពេលជួបសំណេះសំណាលជាមួយសភាពាណិជ្ជកម្ម និងសមាគមអ្នកនាំចេញដំឡូងមីនៅខេត្តប៉ៃលិន នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។ កិច្ចសំណេះសំណាលនេះ ក៏មានការចូលរួមពីលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងមន្ត្រីពាក់ព័ន្ធក្នុងខេត្តមួយចំនួនទៀត។

ក្នុងកិច្ចសំណេះសំណាលនោះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា របរដាំដំឡូងមី នៅក្នុងខេត្តប៉ៃលិន បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ហើយក៏បានកាត់បន្ថយការធ្វើចំណាកស្រុកផងដែរ។ លោករដ្ឋមន្ត្រី បានណែនាំមន្ត្រីមន្ទីរពាណិជ្ជកម្ម សភាពាណិជ្ជកម្ម និងសមាគមអ្នកនាំចេញដំឡូងមី ក៏ដូចជាភាគីពាក់ព័ន្ធត្រូវសហការឱ្យជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាប្រឈម និងកើតមានឡើងនៅក្នុងខ្សែច្រវ៉ាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មដំឡូងមី ដើម្បីរក្សាបានចីរភាពបរិមាណផលិតកម្ម និងបង្កើនបរិមាណនាំចេញ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «សមាគមនាំចេញជាតួអង្គសំខាន់មួយក្នុងចំណោមតួអង្គពាក់ព័ន្ធទាំងអស់នៅក្នុងខ្សែច្រវ៉ាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មដំឡូងមី ហើយក៏ជាឪពុកជាម្តាយរបស់អាជីវករ ផលិតករ ម្ចាស់ឃ្លាំងសម្ងួត រោងចក្រ/សិប្បកម្មកែច្នៃនៅក្នុងខ្សែច្រវ៉ាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មដំឡូងមីទាំងមូលផងដែរ។ ដូច្នេះត្រូវមានការសាមគ្គីគ្នាជាធ្លុងក្នុងការកសាងសមាគមឱ្យមានភាពរីកចម្រើន និងបែងចែកភោគផលប្រកបដោយសមធម៌ តម្លាភាព គណនេយ្យភាព និងប្រកៀកស្មាគ្នា ដោះស្រាយបញ្ហាគ្រប់រូបភាព»

លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ក៏បានណែនាំឱ្យសមាគមអ្នកនាំចេញនេះ ត្រូវទាក់ទងជាមួយប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ដើម្បីស្វែងរកដំណោះស្រាយពីអភិបាលជួយដោះស្រាយរាល់បញ្ហាកកស្ទះផលិតផលដំឡូងមី។

លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់សហការគ្នាក្នុងការពង្រឹងការអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មដំឡូងមី និងជួយធ្វើឱ្យផលិតផលនេះមានការកើនឡើងទាំងបរិមាណ និងគុណភាពនៅក្នុងទីផ្សារនាំចេញមួយកម្រិតទៀត។

បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាលលោករដ្ឋមន្ត្រី ក៏បានធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន CP និងក្រុមហ៊ុនវេចខ្ចប់ផ្លែមៀន ប៉ៃលិន ដើម្បីសិក្សាស្វែងយល់បន្ថែមពីសក្កដានុពល ស្ដង់ដាអនាម័យ និងខ្សែច្រវ៉ាក់ ផលិតកម្មរបស់ក្រុមហ៊ុនផងដែរ។

យោងតាមរបាយការណ៍បានឱ្យដឹងថា ខេត្តប៉ៃលិនមានផ្ទៃដីដាំដុះដំឡូងមី ជិត ៤៩ហិកតា និងមានទិន្នផលជាង ១លានតោន ដែល ៩០% នៃទិន្នផលសរុបបាននាំចេញទៅកាន់ប្រទេសថៃ និងវៀតណាម និង១០%ទៀត សម្រាប់កែច្នៃក្នុងស្រុកដើម្បីនាំចេញ។ ចំណុចជាសក្តានុពលនោះ គឺខេត្តប៉ៃលិន មានឃ្លាំងស្តុក និងឡសម្ងួតចំនួន ១៦កន្លែង ដែលអាចមានវិសាលភាពរក្សាទុកដំឡូងមីស្ងួតបានរហូតដល់ជាង ១០ម៉ឺនតោន៕