(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំគណៈកម្មាធិការសភាស្រ្តី (WAIPA) តាមប្រព័ន្ធវីដេអូនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា បានលើកឡើងថា ជំងឺកូវីដ១៩ បានបង្កផលប៉ះពាល់ខ្លាំងដល់ស្ត្រីជាកម្មករ និយោជិត ក្នុងវិស័យវាយណភណ្ឌកាត់ដេរសម្លៀបំពាក់ ស្បែកជើង និងទេសចរណ៍។

គណៈកម្មាធិការសភាស្រ្តីនៃអន្តរសភាអាស៊ាន នៅរសៀលថ្ងៃនេះ បានបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពលោកស្រី តុង ធីហ្វុង (Tong Thi Phong) អនុប្រធានទី១ រដ្ឋសភាវៀតណាម និងជាប្រធានក្រុមសមាជិកសភាស្រ្តីវៀតណាម ចូលរួមជាភ្ញៀវកិត្តិយស និងមានលោកស្រី ង្វៀន ធ្វី អាញ់(Nguyen Thuy Anh) ប្រធានគណៈកម្មការសង្គមកិច្ចរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានគណៈកម្មាធិការសភាស្រ្តីនៃអន្តរសភាអាស៊ាន(WAIPA)។

កិច្ចប្រជុំធ្វើឡើងក្រោមប្រធានបទ «តួនាទីរបស់សមាជិកសភាជាស្រ្តីក្នុងការធានាការងារ និងប្រាក់ចំណូលដល់កម្មករ និយោជិតជាស្រ្តី» ដោយមានការចូលរួមពីអនុប្រធានទី១ រដ្ឋសភាវៀតណាម និងអនុប្រធានរដ្ឋសភាហ្វីលីពីន ព្រមទាំងសមាជិក សមាជិកាសភាក្នុងតំបន់អាស៊ាន និងមន្ត្រីបច្ចេកទេសសរុបប្រមាណ ៦០នាក់។

កិច្ចប្រជុំបានពិភាក្សាទៅលើតួនាទីសមាជិកសភាស្ត្រីនៅក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនៅក្នុងអាស៊ាន ជាពិសេសចូលរួមចំណែកដោះស្រាយបញ្ហារបស់ស្រ្តីនៅក្នុងវិស័យការងារក្នុងកំឡុងវិបត្តិជំងឺរាតត្បាតកូវីដ១៩ ដែលធ្វើឱ្យមានការថយចុះនៃ កម្លាំងពលកម្ម និងប្រាក់ចំណូលរបស់កម្មករ និយោជិត។

លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា ដែលដឹកនាំប្រតិភូសភាស្ត្រីកម្ពុជា បានលើកឡើងពីស្ថានភាពស្រ្តីកម្ពុជាថា កម្មករ និងនិយោជិតជាស្រ្តីនៅកម្ពុជាទទួលរងឥទ្ធិពលខ្លាំងពីវិបត្តិជំងឺរាតត្បាតនេះ ដោយសហគ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជា មានប្រមាណ៦០ភាគរយ កាន់កាប់ឬគ្រប់គ្រងដោយស្រ្តី។ ម្យ៉ាងវិញទៀត ឧស្សាហកម្មវាយនភ័ណ្ឌ និងស្បែកជើង ព្រមទាំងវិស័យទេសចរណ៍ទេសចរណ៍មានកម្លាំងពលកម្មស្រ្តីរហូតដល់ ៨៤ភាគរយ។

លោកស្រី ក៏បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយន្តការមួយចំនួនក្នុងការឆ្លើយតបទៅនឹងវិបត្តិនេះរួមមាន៖

* កម្មវិធីផ្ដល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងក្រុមងាយរងគ្រោះ
* ការវិនិយោគលើការអភិវឌ្ឍជំនាញសហគ្រិនស្រ្តី និងរៀបចំរចនាសម្ព័ន្ធឥណទានក្នុងវិស័យអាទិភាព
* ការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសរួមទាំងការបំលែងឌីជីថលដល់សហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម អភិវឌ្ឍកសិកម្មទំនើប និងកសិឧស្សាហកម្មដោយផ្តោតលើការបង្កើតប្រាក់ចំណូល ជាពិសេសសម្រាប់ស្ត្រីនៅតាមជនបទ។

ក្នុងកិច្ចប្រជុំនេះ លោកស្ត្រីបានផ្តល់អនុសាសន៍មួយចំនួន ដើម្បីឆ្លើយតបនឹងវិបត្តិដែលកំពុងប្រឈមនេះផងដែរ។ អនុសាសន៍ទាំងនោះរួមមាន៖

១៖ ការកសាងគ្រឹះដែលមានភាពធន់ទ្រាំបន្ថែមទៀត និងពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុ ទីផ្សារ ការច្នៃប្រឌិត បច្ចេកវិទ្យា និងឱកាសក្នុងការរីកចម្រើន សម្រាប់សហគ្រាសមីក្រូ តូចនិងមធ្យម។
២៖ ធានាឱ្យមានការចូលរួម និងមានតំណាងស្មើគ្នារបស់ស្ត្រីនៅក្នុងដំណើរការរៀបចំផែនការ និងការធ្វើសេចក្តីសម្រេច ជាពិសេសនៅក្នុងផែនការស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩ ។
៣៖ ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងស្មារតីដល់ស្ត្រីដែលរងផលប៉ះពាល់ ដើម្បីជួយពួកគាត់រក្សាបាននូវការងារនិងប្រាក់ចំណូល ព្រមទាំងអាចសម្របខ្លួនទៅនឹងឱកាសការងារក្នុងគន្លងថ្មីក្រោយវិបត្តិកូវីដ។
៤៖ ត្រូវផ្តោតលើប្រជាជនជាសំខាន់ ដែលស្របទៅនឹងចក្ខុវិស័យរបស់អាស៊ានដែលយកប្រជាជនជាធំ៕