(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងឱកាសបើកដំណើរការសាលារៀនឡើងវិញ ដំណាក់កាលទី២ សម្តេចបានអំពាវនាវដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមប្រកាន់ភ្ជាប់នូវការអនុវត្តវិធានការពារសុវត្ថិភាពសុខភាពជានិច្ច ដើម្បីការពារការចម្លងជំងឺកូវីដ១៩ទាំងអស់គ្នា។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ ដែលចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឲ្យធានាបាននូវសុវត្ថិភាព ដល់សិស្សានុសិស្ស បុគ្គលិកអប់រំ មាតាបិតា ក៏ដូចជាសហគមន៍ទាំងមូលផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា «ក្នុងដំណាក់កាលទី២ នៃបើកសាលារៀនឡើងវិញនេះ ខ្ញុំសូមអំពាវនាវដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមប្រកាន់ភ្ជាប់នូវការអនុវត្តវិធានការពារសុវត្ថិភាពសុខភាពជានិច្ច ដើម្បីការពារការចម្លងជំងឺកូវីដ១៩ទាំងអស់គ្នា ជាពិសេសបន្តបង្ហាត់បង្រៀនសិស្សដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ទឹកអាល់កុល និងពាក់ម៉ាស ឲ្យបានញឹកញាប់ ហើយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ ដែលចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឲ្យធានាបាននូវសុវត្ថិភាព ដល់សិស្សានុសិស្ស បុគ្គលិកអប់រំ មាតាបិតា ក៏ដូចជាសហគមន៍ទាំងមូល»