(ត្បូងឃ្មុំ)៖ លោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះថា កម្លាំងសមត្ថកិច្ចរបស់លោក បានឃាត់ខ្លួនយុវជនម្នាក់ឈ្មោះ ញ៉ែល ធារីណា បានហើយក្រោយបានបង្ហោះវីដេអូនៅលើបណ្តាញសង្គម TikTok ដោយនិយាយថា «អង្គរវត្តមិនមែនជារបស់ខ្មែរទេ»

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ វីដេអូរបស់យុវជនរូបនេះ ត្រូវបានគេរិះគន់ និងប្រតិបត្តិការយ៉ាងខ្លាំងៗពីសំណាក់ពលរដ្ឋខ្មែរ រហូតមានការអំពាវនាវឲ្យសមត្ថកិច្ចពាក់ព័ន្ធ តាមស្រាវជ្រាវចាប់ខ្លួនមកផ្តន្ទោទោសតាមច្បាប់។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់ថា «ក្រោយមានករណីនេះកើតឡើង និងក្រោមបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ខ្ញុំបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញបើកការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនបាន»

បើតាមលោកឧត្តមសេនីយ៍ស្នងការ នៅពេលនេះសមត្ថកិច្ចជំនាញកំពុងសាកសួរដើម្បីចាត់ការតាមនីតិវិធីច្បាប់៕