(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ទទួលបាននូវឧបករណ៍ ប្រមូលសំណាកជំងឺកូវីដ-១៩ ចំនួន៣,០០០ឈុត ដើម្បីចូលរួមប្រយុទ្ធនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ពីណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា «ស្ថានភាពជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ត្រូវបានទប់ស្កាត់បានល្អ ប៉ុន្តែយើងត្រូវប្រុងប្រយ័ត្នជានិច្ច និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការជំងឺដ៏កាចសាហាវនេះទាំងអស់គ្នា»

លោកស្រី យក់ សម្បត្តិ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះការឧបត្ថម្ភគាំទ្រ ជាបន្តបន្ទាប់របស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបានឧបត្ថម្ភបរិក្ខារចាំបាច់ ជាច្រើនកន្លងមក។ បរិក្ខារទាំងអស់នេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការជួយពង្រឹងវិធានការបង្ការជំងឺកូវីដ-១៩។

ឧបករណ៍ទាំងនេះ រួមមាន៖ បំពង់ផ្ទុកសំណាក ១,០០០ឈុត ឧបករណ៍ប្រមូលសំណាកពីបំពង់ក ១,០០០ ឈុត និងឧបករណ៍ប្រមូលសំណាកពីរន្ធច្រមុះ ១,០០០ឈុត។

បំពង់ផ្ទុកសំណាក គឺជាបំពង់សម្រាប់ប្រមូល និងរក្សាសំណាកដែលមានវីរុស ដូចជា វីរុសកូវីដ-១៩ ប៉ារ៉ាស៊ីត ដែលឆ្លងទៅមនុស្សតាមរយៈសត្វល្អិត និងមីកូប្លាស្មា។ បំពង់នេះ គឺជាបំពង់ប្លាស្ទិកដែលមានគម្របបិទជិត និងអាចរក្សាសំណាកបាន៤៨ម៉ោង នៅក្នុងសីតុណ្ហភាពត្រជាក់នៅក្នុងទូទឹកកក។

ឧបករណ៍ប្រមូលសំណាក មានរូបរាងស្រដៀងទៅនឹងសំឡីត្បារត្រចៀក ដែលមានដងប្លាស្ទិក ទំហំ និងចុងរាងផ្សេងៗគ្នា។ បំពង់ផ្ទុក និងឧបករណ៍ប្រមូល សំណាកជំងឺកូវីដ-១៩ អាចឲ្យក្រសួងសុខាភិបាលប្រមូល និងពិនិត្យរកសំណាកដែលសង្ស័យថាមានជំងឺកូវីដ-១៩ ប្រកបដោយសុវត្ថិភាព។

លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ បានឲ្យដឹងថា ឧបករណ៍ប្រមូលសំណាកទាំងនេះ គឺជាការឧបករណ៍បំពេញបន្ថែម ទៅលើម៉ាស៊ីនធ្វើតេស្ត រកមេរោគកូវីដ-១៩។

លោកថា ឧបករណ៍ទាំងនេះ អនុញ្ញាតឲ្យបុគ្គលិកជួរមុខ របស់ក្រសួងសុខាភិបាល អាចបញ្ជូនសំណាកបានលឿន និងប្រកបដោយសុវត្ថិភាព ដើម្បីធ្វើការវិភាគរកមេរោគ ដោយប្រើម៉ាស៊ីនធ្វើតេស្តទំនើប។ យើងបន្តគាំទ្រដល់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធនឹងមេរោគកូវីដ-១៩។

គួររំឭកថា ណាហ្គាវើលដ៍បេះដូងសប្បុរស បានឧបត្ថម្ភសរុប នូវម៉ាសមុខ៤ម៉ឺនបន្ទះ, ជែលលាងដៃ៤ពាន់ដប និងទឹកអាល់កុលលាងដៃ៧២០លីត្រ ដែលសរុប ជាទឹកប្រាក់១៥,៤០០ដុល្លារអាមេរិក ដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងអប់រំ យុវជន និងកីឡា និងសាលា រាជធានីភ្នំពេញ៕