(ភ្នំពេញ)៖ លោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានសម្តែងការអបអរសាទរ និងគាំទ្រចំពោះការទទួលសិទ្ធិធ្វើនយោបាយឡើងវិញរបស់ លោក សុន ឆ័យ អតីតសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ នៃអតីតគណបក្សសង្រ្គោះជាតិ ដើម្បីឈានទៅបង្កើតកម្លាំងប្រជាធិបតេយ្យថ្មី ដោយមិនរង់ចាំការរស់ឡើងវិញរបស់ គណបក្សសង្រ្គោះជាតិ ដែលតុលាការកាត់ទោសរំលាយ។

នៅក្នុងលិខិតចំហររបស់ខ្លួន ផ្ញើទៅកាន់លោក សុន ឆ័យ និង លោក អ៊ូ ច័ន្ទរ័ត្ន លោក គង់ គាំ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អនុញ្ញាតឲ្យខ្ញុំសូមសម្តែងការអបអរ និងគាំទ្រការសុំសិទ្ធិ ការទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ (ពិសេសរបស់ លោក សុន ឆ័យ នៅពេលថ្មីៗនេះ) លើសពីនេះ សូមកោតសរសើរ និងរីករាយចំពោះបំណងរបស់លោកទាំងពីរអំពីគម្រោង (តាមប្រព័ន្ធព័ត៌មាន)ថា នឹងបង្កើតគណបក្សនយោបាយថ្មី ដើម្បីចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅឆ្នាំ២០២៣ ដោយមិនសង្ឃឹម មិនជឿ មិនរង់ចាំលទ្ធផលពីអន្តរជាតិ និងពីមេដឹកនាំអតីត CNRP អំពីការបង្ខំតាមមធ្យោបាយផ្សេងៗឲ្យ CPP សង CNRP សងតំណែងជាប់ឆ្នោត និងឲ្យរៀបចំការបោះឆ្នោតឡើងវិញមុនឆ្នាំ២០២២ និងឆ្នាំ២០២៣ នោះអាចកើតឡើងបានឡើយ»។

លោក សុន ឆ័យ អតីតតំណាងរាស្រ្ត និងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ២រូបទៀត ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យមួយ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញ បន្ទាប់ពីពួកគេដាក់លិខិតស្នើសុំទៅកាន់ក្រសួងមហាផ្ទៃ។

ទន្ទឹមគ្នានឹងការស្នើសុំសិទ្ធិធ្វើនយោបាយរបស់ លោក សុន ឆ័យ និងអតីថ្នាក់ដឹកនាំរបស់អតីតគណបក្សសង្រ្គោះជាតិទាំង២រូបនេះ លោក អ៊ូ ច័ន្ទរ័ត្ន ដែលទទួលបាននីតិសម្បទាធ្វើនយោបាយកន្លងទៅនោះ បានប្រកាសកៀរគរអ្នកនយោបាយប្រឆាំងនានា ដើម្បីឈានទៅបង្កើតគណបក្សថ្មី សម្រាប់ចូលរួមក្នុងការបោះឆ្នោតអាណិត្តក្រោយនេះ បន្ទាប់ពីលោកអស់ជំនឿទៅលើ ការដឹកនាំរបស់មេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ។

លោក គង់ គាំ បានបញ្ជាក់បន្ថែមថា «ការយល់ឃើញរបស់ខ្ញុំ ប្រហែលមិនខុសពីអ្នកនយោបាយដែលបានសម្រេចសុំសិទ្ធិកន្លងហើយ ទើបសុំសិទ្ធិ និងសុំសិទ្ធបន្តបន្ទាប់ គឺពិតជាយល់ច្បាស់ថា អំពើទារក្រៅសម្លេងឆ្នោតឲ្យ ហ៊ុន សែន ចុះពីអំណាច (ជាបដិវត្តដើមទី) ផែនការមាតុភូមិនិវត្តន៍ ផ្តួលរំលំចាប់ ហ៊ុន សែន (ជាបដិវត្តន៍កណ្តាលទី) និងការថ្លែងអំពីផែនការដក ហ៊ុន សែន ចេញ ប្តូរថ្មីទាំងអស់ រៀបចំថ្មីទាំងអស់គឺ (ជាបដិវត្តន៍ចុងទី) ដ៏ពិសពុល គ្រោះថ្នាក់ដល់អតីត CNRP ដល់ប្រជាពលរដ្ឋ ដល់ប្រទេសជាតិ (ចេតនាបដិវត្តន៍មិនទាន់បញ្ចប់ទេ) ដែលយើងអ្នកនយោបាយប្រជាធិបតេយ្យសុចរិត (ពិសេសអតីតសមាជិក CNRP) មិនអាចមិនផ្តាច់ខ្លួនចេញពីគំនិតដ៏ខ្មៅងងឹតនេះ ហើយរួសរាន់បង្កើតគណបក្សនយោបាយថ្មី ដើម្បីអំណាចកម្ពុជា(ជាអំណាចរបស់ប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋ) តាមរយៈការបោះឆ្នោតសេរីត្រឹមត្រូវយុត្តិធម៌តែម្យ៉ាងគត់ប៉ុណ្ណោះ»

ដោយការគោរព និងផ្តល់តម្លៃខ្ពស់ចំពោះសមត្ថភាព និងលទ្ធភាពទំនាក់ទំនងដ៏ទូលំទូលាយរបស់ លោក សុយ ឆ័យ និង លោក អ៊ូ ច័ន្ទរ័ត្ន លោក គង់ គាំ បានមានបំណងចង់ឱ្យមានការជួបពិភាក្សាជាទ្វេរភាគី ពហុភាគីរវាងថ្នាក់ដឹកនាំគណបក្សនយោបាយប្រជែងនានា ដើម្បីរករូបមន្តណាមួយដែលអាចទទួលបានលទ្ធផលពហុបក្ស នៅក្រុមប្រឹក្សាឃុំ-សង្កាត់ឲ្យបានទូទាំងប្រទេសក្នុងឆ្នាំ២០២២ និងនៅរដ្ឋសភាក្នុងឆ្នាំ២០២៣ខាងមុខ ប្រកប ដោយប្រសិទ្ធភាពខ្ពស់។

លោក គង់ គាំ បានបង្ហាញក្តីសង្ឃឹមថា លោក សុន ឆ័យ និង លោក អ៊ូ ច័ន្ទរ័ត្ន នឹងទទួល និងពិចារណា ចំពោះបំណងដ៏ស្មោះត្រង់ សុចរិតរបស់លោក ដើម្បីរបបប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍ ដែលមជ្ឍដ្ឋានជាតិ និងអន្តរជាតិទទូចចង់បាន៕