(ព្រះវិហារ)៖ លោក សុខ សាន្តតារ៉ា អភិបាលស្រុកឆែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ ដែលឈរជើងក្នុងភូមិសាស្ត្រ ឃុំកំពង់ស្រឡៅមួយ ឃុំកំពង់ស្រឡៅពឺរ ជាប់ព្រំដែនឡាវ ត្រូវខិតខំសហការគ្នាបង្រ្កាបបទល្មើសនានាឱ្យមានប្រសិទ្ធិភាពខ្ពស់ ជាពិសេសបទល្មើសឆ្លងដែនខុសច្បាប់។

ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដែលបានរៀបចំធ្វើឡើងនៅវិទ្យាលយ័កំពង់ស្រឡៅ នាថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២០ ម្សិលមិញ។ លោក សុខ សាន្តតារ៉ា បានដាក់បញ្ជាយ៉ាងដូច្នេះថា៖ «កងកម្លាំងទាំងអស់មានកម្លាំង BLO របស់ខេត្ត កម្លាំងនគរបាលស្នងការដែលមានបេសកកម្មនៅទីនេះ កម្លាំងអធិការនគរបាលស្រុកឆែប នគរបាលប៉ុស្តិ៍ និងអាជ្ញាធរភូមិ ឃុំ នៅទីនេះ ត្រូវជួយសហការគ្នាទប់ស្កាត់កុំឱ្យមានការឆ្លងដែនខុសច្បាប់ក៏ដូចជាបទល្មើសផ្សេងៗទៀតដែលខុសច្បាប់ឆ្លងកាត់នៅទីនេះ»។

លោក សុខ សាន្តតារ៉ា បានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញយ៉ាងមុឺងម៉ាត់ពីសំណាក់លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក្នុងនាមគណៈបញ្ជាការឯកភាពស្រុក លោកបានធ្វើការសង្កត់ធ្ងន់ និងណែនាំឱ្យកងកម្លាំងឈរជើងនៅទីនេះសហការគ្នា កុំអោយបទល្មើសកើតឡើងពិសេសបទល្មើសឆ្លងដែនដោយខុសច្បាប់។

បន្ថែមលើសពីនេះទៀត លោកអភិបាលស្រុកឆែប ក៏បានសង្កត់ធ្ងន់ថា ពេលមានបទល្មើសកើតឡើង គឺអាជ្ញាធរស្រុកត្រូវបានគេចោទប្រកាន់មុនគេ ស្របពេលនៅទីនេះមានកងកម្លាំងជាច្រើនឈរជើងប្រចាំការនៅទីនេះ ដូច្នេះ ដើម្បីកុំឱ្យមានការសាចទឹកដាក់គ្នា លោកបានណែនាំឱ្យកងកម្លាំងទាំងអស់ជាចម្បងត្រូវសហការគ្នាខិតខំធ្វើកិច្ចការរួម គឺបង្រ្កាបបទល្មើស ហើយលោកបានចាត់តាំងអភិបាលរងស្រុកឆែបម្នាក់ គឺលោក អ៊ុ សុភឿន ឈរជើងនៅទីនេះត្រួតពិនិត្យមើលនៅតាមព្រំដែនឃុំកំពង់ស្រឡៅមួយ ឃុំកំពង់ស្រឡៅពីរនេះ៕