(ភ្នំពេញ)៖ បញ្ជាការដ្ឋានកងទ័ពជើងអាកាស នៃអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជូននិស្សិតយោធាកម្ពុជា ទៅបន្តការសិក្សានៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម ចំនួន២២រូប បែងចែកជា៤ជំនាញ គឺជំនាញអាកាសយានិក (Pilot) ជំនាញបច្ចេកឧទ្ធម្ភាគចក្រ ជំនាញភស្រ្ដភា និងហិរញ្ញវត្ថុ។

ការបញ្ជូននិស្សិតយោធាកម្ពុជា ទៅបន្តការសិក្សានៅវៀតណាមនេះផងដែរ ដើម្បីពង្រឹង និងបង្កើនសមត្ថភាពដ៏ដូចជាបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីបំពេញតម្រូវការ និងធនធានមនុស្សឲ្យកងទ័ពជើងអាកាស មានភាពរីកចម្រើនជាលំដាប់ស្របពេល ដែលប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្ដេចតេជា ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា។

លោក គីម ឡេង តំណាងនិស្សិតយោធាទាំង២២ បានថ្លែងអំណរគុណចំពោះនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គបញ្ជារងកងយោធពលខេមរភូមិន្ទ មេបញ្ជាកងទ័ពជើងអាកាស ដែលបានខិតខំប្រឹងប្រែងដឹកនាំវិស័យកងទ័ពជើងអាកាសកន្លងមក មានការរីកចម្រើនជាបន្តបន្ទាប់ និងបន្តទៅមុខឆ្ពោះទៅរកភាពរីកចម្រើនជានិរន្តន៍បន្ថែមទៀត៕