(បាត់ដំបង)៖ សហគមន៍ផលិតស្រូវចំនួន៩ នៅតាមបណ្ដាស្រុកនានាក្នុងខេត្តបាត់ដំបងរួមមាន នៅក្នុងស្រុកមោងឫស្សី ស្រុកបាណន់ ស្រុកថ្មគោល ស្រុករុក្ខគីរី បានចុះកិច្ចព្រមព្រៀងទិញ-លក់ស្រូវ (SRP) ជាមួយក្រុមហ៊ុន BRICO នូវប្រភេទស្រូវក្រអូប ដែលការចុះកិច្ចព្រមព្រៀងនេះធ្វើឡើងក្រោមការសម្របសម្រួល របស់អង្គការ CIRD។

ពិធីចុះកិច្ចព្រមព្រៀងនេះបានធ្វើឡើងនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោមអធិបតីលោក ឈឹម វជ្ជិរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានអ្នក ពាក់ព័ន្ធចូលរួមជាច្រើនទៀតផងដែរ។

លោក ឈឹម វជ្ជិរ៉ា បានលើកឡើងថា ការចុះកិច្ចព្រមព្រៀងទិញ-លក់ស្រូវក្រអូបនេះមានដូចជា ស្រូវផ្ការំដួល និងស្រូវសែនក្រអូប ដោយក្នុងឆ្នាំ២០២០នេះ ការចុះកិច្ចព្រមព្រៀងក្នុងទំហំដីជាង៣ពាន់ហិកតា និងទំហំស្រូវចំនួនជាង៨តោន ក្នុងពេលប្រមូលផលម្តងសម្រាប់តម្លៃវិញ គឺមានតម្លៃមួយសមរម្យជាក់លាក់។

លោក ឈឹម វជិរ៉ា បានឲ្យដឹងទៀតថា ការរៀបចុះកិច្ចព្រមព្រៀងទិញ-លក់ស្រូវ ក្នុងគោលបំណងដើម្បីឲ្យសហគន៍កសិកម្មទាំង៩ ដែលជាអ្នកផ្គត់ផ្គង់ស្រូវ SRP និងក្រុមហ៊ុន BRICOR ដែលជាអ្នកទទួលទិញបានជួបជុំគ្នា និងចុះហត្ថលេខា ផលិតកម្មកសិកម្មតាមកិច្ចសន្យា ដោយមានការចូលរួមធ្វើជាសាក្សី ពីសំណាក់ប័នគាំទ្រ រួមមាន នាយកដ្នានកសិ-ឱស្សាហកម្មមន្ទីរកសិកកម្ម-ប្រមាញ់និងនេសាទ ខេត្តបាត់ដំបង អង្គការ CIRD និង អជ្ញាធរមូលដ្ឋាននៃឃុំគោលដៅផលិត។

លោក ឈឹម វជិរ៉ា បានបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងលើការលក់ និងទិញស្រូវរបស់ក្រុមហ៊ុននាំចេញអង្ករ និងសហគមន៍ផលិតស្រូវ នៅក្នុងខេត្តបាត់ដំបង រហូតមកដល់ពេលនេះ សរុបទាំងអស់មានចំនួន ៧៨កិច្ចសន្យាហើយ ដោយឡែកព្រឹកនេះមានសហគមន៍ចំនួន៩នេះទៀតផងដែរ»។

លោក ប្រាក់ សេរីវឌ្ឍន៍ ប្រធានអង្គការ CIRD បាបញ្ជាក់ពីការគាំទ្ររបស់អង្គការរបស់លោក ដល់សហគមន៍កសិកម្ម ក្នុងការផលិតការត្រួតពិនិត្យគុណភាព និងការធ្វើជំនួញស្រូវSRP ផងដែរ។

លោក FOO SINTAS DENNIS នាយកប្រតិបត្តិក្រុមហ៊ុន BRICOR បានបង្ហាញពីបទពិសោធន៍លើការធ្វើជំនួញស្រូវជាមួយសហគមន៍កសិកម្មនៅកម្ពុជា និងការប្តេជ្ញាចិត្តក្នុងការទិញស្រូវ SRP ពីសហគមន៍កសិកម្មទាំង៩ក្នុងខេត្តបាត់ដំបងនេះផងដែរ។

លោក ហង្ស សុវណ្ណ អនុប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការចុះកិច្ចព្រមព្រៀងរវាង ភាគីកសិករ និងអ្នកទិញស្រូវនាពេលនេះ បានបង្ហាញពីការរីកចម្រើននៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការរកទីផ្សារជូនកសិករ ហើយវាក៏បានផ្ដល់ឱកាសសម្រាប់កសិករ នៅតាមតំបន់ផ្សេងៗទៀតផងដែរ។

លោកបានជំរុញដល់ភាគីសហគមន៍ផលិតស្រូវទាំង៩ ត្រូវខិតខំផលិតស្រូវឲ្យស្របតាមការកម្មង់របស់ក្រុមហ៊ុនទាំងបរិមាណ គុណភាព ហើយជំរុញដល់ភាគីក្រុមហ៊ុន BRICORបន្តជួយទិញស្រូវរបស់កសិករនៅកន្លែងផ្សេងទៀតក្នុងតម្លៃសមរម្យ។ ខណ: នៅក្នុងខេត្តបាត់ដំបងក្នុងមួយឆ្នាំៗការបង្កបង្កើនផលស្រូវទទួលបានទិន្នផលច្រើន រហូតក្នុងមួយឆ្នាំអាចផលិតអង្ករបានជាង១លានតោន។ ការផលិតស្រូវក្រអូប និងការរកទីផ្សារជូនកសិករលក់ស្រូវក្រអូបនេះ ក៏ស្ថិតក្នុងគម្រោងអេមរបស់រាជរដ្ឋាភិបាល ខណៈដែលខេត្តបាត់ដំបង មានកសិករជាច្រើនបានខ្ចីថវិកាពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តាមរយៈការសម្របសម្រួលពីគម្រោង អេម ដើម្បីផលិតនូវស្រូវ ក្រអូបនេះ។

ក្នុងពិធីនេះដែរគណ:អធិបតីបានផ្តល់ឲ្យសហគមន៍ និងក្រុមហ៊ុន BRICOR ចុះហត្ថ លេខាលើកិច្ចព្រៀងជាមួយគ្នា ព្រមទាំងផ្តល់វិញ្ញាំបណ្ណបត្រ ដល់សហគមន៍ ទាំង៩ផងដែរ៕