(ភ្នំពេញ)៖ ត្រឹមជាង១សប្ដាហ៍ប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ អំពើឃាតកម្មយ៉ាងសាហាវព្រៃផ្សៃ បានកើតឡើងផ្ទួនៗស្ទើរៀងរាល់ថ្ងៃ ចំនួន៧ករណី (៥ករណីនៅរាជធានីភ្នំពេញ និង២ករណីនៅខេត្តកណ្ដាល និងតាកែវ) និងបានសម្លាប់មនុស្សសរុបចំនួន១១នាក់ ព្រមទាំងមនុស្ស៣នាក់រងរបួសធ្ងន់ ក្នុងនោះ២នាក់ ជាជនដៃដល់ដែលប៉ុនប៉ង់សម្លាប់ខ្លួនក្រោយប្រព្រឹត្តបទល្មើស។

អំពើឃាតកម្មដែលកើតឡើងប៉ុន្មានថ្ងៃចុងក្រោយនេះ កាន់តែព្រៃផ្សៃពីមួយថ្ងៃទៅមួយថ្ងៃ និងបង្កឲ្យមានការរន្ធត់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋខ្មែរទូទៅ ពិសេសនៅពេលរូបភាពនៃអំពើឃាតកម្មនេះ ត្រូវបានបង្ហាញ និងចែកចាយនៅលើបណ្ដាញសង្គម Facebook។ ក្នុងស្ថានភាពបែបនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម ក៏បានសម្ដែងនូវការខឹងសម្បារយ៉ាងខ្លាំងចំពោះជនដែលប្រព្រឹត្តបទល្មើស និងទាមទារឲ្យរដ្ឋអំណាចផ្ដន្ទាទោសឲ្យធ្ងន់ធ្ងរបំផុត។

យ៉ាងណាមិញដើមចម នៃអំពើឃាតកម្មប៉ុន្មានទាំងអស់នេះ គឺកើតឡើងដោយសារតែភ្លើងប្រច័ណ្ឌ និងស្ថិតក្រោមឥទ្ធិពល នៃគ្រឿងញៀនជាដើម។ ជាក់ស្ដែងករណីឃាតក សម្លាប់រួចរំលោភក្មេងស្រីអាយុ១៤ឆ្នាំ ដែលសមត្ថកិច្ចរកឃើញថា ជនដៃដល់ជាអ្នកប្រើប្រាស់គ្រឿងញៀន ដូច្នេះនាំឲ្យការប្រព្រឹត្តបទល្មើសកាន់តែសាហាវ។

បណ្ដាញព័ត៌មាន Fresh News សូមលម្អិតនូវករណីឃាតកម្ម ដែលកើតឡើងទាំង៧ករណីនេះ ដែលសម្លាប់មនុស្ស១១នាក់ ដូចខាងក្រោម៖

*ករណីទី១៖ កូនស្រីបីនាក់ ដោយម្នាក់អាយុ១៦ឆ្នាំ ម្នាក់អាយុ៥ឆ្នាំ ម្នាក់អាយុ៤ឆ្នាំ ត្រូវបានឪពុកច្របាច់កសម្លាប់ចោលទាំងបី ដោយមិនអាសូរ រួចឪពុករូបនោះក៏បានចងកសម្លាប់ខ្លួនតាមក្រោយដែរ។ ហេតុការណ៍ដ៏តក់ស្លុត និងអាសូរជាពន់ពេកនេះ បានកើតឡើងព្រលប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងបន្ទប់ជួលមួយកន្លែង តាមបណ្តោយផ្លូវលេខ១០១៣ ក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មូលហេតុដែលនាំឲ្យមានអំពើឃាតកម្មនេះ គឺដោយសារតែវិបត្តិគ្រួសារ និងភ្លើងប្រច័ណ្ឌ។

សពទាំងបួនរួមមាន៖
១៖ ឪពុកឈ្មោះ ជា សុខជុំ អាយុ៤០ឆ្នាំ មុខរបររត់កង់បី
២៖ កូនស្រីទី១ ឈ្មោះ ជុំ ម៉េងជូ អាយុ១៦ឆ្នាំ
៣៖ កូនស្រីទី២ ឈ្មោះ ជុំ ម៉េងចិន អាយុ៥ឆ្នាំ
៤៖ កូនស្រីទី៣ឈ្មោះ ជុំ ម៉េងជៀន អាយុ៤ឆ្នាំ។

*ករណីទី២៖ ស្ដ្រីកម្មការិនីរោងចក្រ Minebea ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ត្រូវសង្សារបស់ខ្លួនចាក់សម្លាប់ រួចជនដៃដល់បានរត់ទៅចងកបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ មូលហេតុនៃអំពើឃាតកម្មនេះ ត្រូវបានសមត្ថកិច្ចបង្ហើបថា ដោយសារជនដៃដល់ខឹងម្ដាយរបស់ជនរងគ្រោះជាសង្សា មិនព្រមឲ្យពួកគេស្រលាញ់គ្នា។

*ករណីទី៣៖ កូនប្រុសអារ.ក សម្លាប់ម្ដាយបង្កើតខ្លួនឯងដោយកាត់ក្បាលចេញពីខ្លួន នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងបន្ទប់ជួល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ឃាតកត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយធ្វើសកម្មភាពបានប៉ុន្មានម៉ោង។

សមត្ថកិច្ចបានអះអាងថា ជនដៃដល់ត្រូវកម្លាំងជំនាញចាប់ខ្លួនបានហើយ ពេលកំពុងរត់គេចខ្លួន ហើយជនដៃដល់បម្រុងធ្វើសកម្មភាពចង.ក សម្លាប់ខ្លួនឯងតាមក្រោយ។ ជនដៃដល់ឈ្មោះ អ៊ាម សំណាង អាយុ៣២ឆ្នាំ ជាមនុស្សសរសៃប្រសាទ។

*ករណីទី៤៖ ក្មេងស្រីម្នាក់សង្ស័យត្រូវបានឃាតក អារ.កសម្លាប់ រួចរំលោភតាមក្រោយ បណ្ដាលឲ្យស្លាប់ទាំងអាក្រាតកាយ នៅក្នុងថ្លុកឈាម។ សាកសពជនរងគ្រោះត្រូវបងប្រុសជីដូនមួយប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលវេលាម៉ោង៤៖០០ល្ងាច ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយមកជនដៃដល់ឈ្មោះ ឡាច ចន្ថា អាយុ២៥ឆ្នាំ ត្រូវកម្លាំងនគរបាលជំនាញចាប់ខ្លួនបាន នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្រោមស្ពានលីយ៉ុងផាត ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនដៃដល់បានសារភាពថា ខ្លួនបានយកកាំបិតចាក់បំពុងកជនរងគ្រោះ រួចឆក់បន្ថែមបណ្ដាលឲ្យស្លាប់ ទើបរំលោភតាមក្រោយ។ សមត្ថកិច្ចបញ្ជាក់ថា ជនដៃដល់ជាមនុស្សប្រើប្រាស់គ្រឿងញៀន។

*ករណីទី៥៖ ស្ដ្រីអ្នកលក់ឡេតាមអនឡាញម្នាក់ ត្រូវសង្សារបស់ខ្លួនចាក់សម្លាប់ បណ្ដាលដោយដេកស្លាប់ក្នុងថ្លុកឈាម ខណៈជនដៃដល់ព្យាយាមចាក់សម្លាប់ខ្លួនឯងតាមក្រោយ តែមិនស្លាប់គ្រានតែរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងបុរីលឹម ឈាងហាក់ ចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ស្ដ្រីរងគ្រោះដែលត្រូវសង្សាអារ.កសម្លាប់នេះ ឈ្មោះ វង្ស ម៉ាលីនដា អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅតំបន់អ្នកលឿង ខេត្តព្រៃវែង និងមានមុខរបរជាអ្នកលក់ឡេតាមអនឡាញ។

ដោយឡែក ជនដៃដល់ដែលអារ.ក សម្លាប់សង្សាខ្លួនឯងរួចចាក់សម្លាប់ខ្លួនតាមក្រោយនេះ ឈ្មោះ ឯកឌៀវ វន្ថា អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដើមចមដែលនាំឲ្យមានអំពើឃាតកម្មនេះ ត្រូវបានគេសន្និដ្ឋានជំហានដំបូងថា អាចបណ្ដាលមកពីភ្លើងប្រច័ណ្ឌ។

*ករណីទី៦៖ អំពើឃាតកម្មមួយបានកើតឡើង ដោយប្ដីចាក់សម្លាប់ប្រពន្ធ រួចចាក់សម្លាប់ខ្លួនឯងតាមក្រោយ តែមិនស្លាប់គ្រាន់តែរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង៨យប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នូល ខេត្តកណ្ដាល ហើយមូលហេតុបណ្ដាលមកពីភ្លើងប្រច័ណ្ឌ។

ជនរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះ សុខ ផល្លី អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាប្រពន្ធស្លាប់ នៅកន្លែងកើតហេតុ)។ ដោយឡែក ជនដៃដល់ឈ្មោះ ឆាយ ធន់ អាយុ២៩ឆ្នាំ ជាប្ដី រងរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យ។

*ករណីទី៧៖ មន្ដ្រីយោធាម្នាក់ បានធ្វើសកម្មភាពកាប់ប្រហារចំនួន៤ពូថៅផ្ទួនៗ បណ្ដាលឲ្យរងរបួសធ្ងន់ រួចរត់ទៅចង.កបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ មូលហេតុដែលនាំឲ្យមានអំពើឃាតកម្មនេះ ដោយសារប្ដីប្រច័ណ្ឌប្រពន្ធ។

ទន្ទឹមនឹងអំពើឃាតកម្មដែលកើតឡើងកាន់តែសាហាវពីមួយថ្ងៃទៅមួយថ្ងៃ តើសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធគួរតែមានវិធានការណ៍ណាមួយដែរឬទេ ក្នុងកាលៈទេសៈនេះ? ព្រោះអ្នកប្រើប្រាស់បណ្ដាញសង្គមបានបង្ហាញនូវការភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះករណីដែលកើតឡើងប៉ុន្មានថ្ងៃចុងក្រោយនេះ។

ក្រៅពីឥទ្ធិពលនៃភ្លើងប្រចណ្ឌហើយនោះ អំពើឃាតកម្មនេះមានខ្លះស្ថិតក្នុងឥទ្ធិពលនៃគ្រឿងញៀនផងដែរ ដែលទាមទារឲ្យមានការចាប់អារម្មណ៍ខ្លាំងបំផុត ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ បើទោះបីពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដោយ៕