(កណ្ដាល)៖ លោក មឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល និងលោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានរួមគ្នារាប់បាត្រឆ្លងវេនបិណ្ឌទី២ នៅវត្តក្រពើហា ស្ថិតនៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល និងបានអំពាវនាវដល់ពុទ្ធបរិស័ទទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច នូវវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល មិនត្រូវធ្វេសប្រហែសឡើយ។

លោក មឹង យូឡេង និងលោក នូ សុវណ្ណារ៉ា ក៏បានក្រើនរំលឹកដូចគ្នាក្នុងន័យឱ្យប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើររតាមដងផ្លូវត្រូវរួមគ្នា គោរពច្បាប់ចរាចរណ៍ មានការយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ក្នុងការធ្វើដំណើរដើម្បីសេចក្តីសុខសុវត្ថិភាពទាំងអស់គ្នា។

សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល ១៥ថ្ងៃដោយចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។

យោងតាមឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរបង្ហាញថា ការប្រារព្ធពិធីបុណ្យនេះគឺដើម្បីបួងសួងឧទ្ទិសមគ្គផលកុសលផលបុណ្យទៅឲ្យមាតាបិតាញាតិកាទាំង៧ សន្តានដែលបានចែកឋាន ដើម្បីឲ្យពួកគាត់មកទទួលយកកុសលផលបុណ្យទៅកើតក្នុងសុគតិភព ម្យ៉ងទៀតប្រជាពលរដ្ឋខ្មែរមានជំនឿថាអ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅមិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេត នឹងឡើងមក ទទួលកុសលផលបុណ្យនេះពីពួកគេផងដែរ នៅពេលពពួកប្រេតទាំងនោះត្រូវបានគេដោះលែងឲ្យមានសេរីភាពរយៈពេល១៥ថ្ងៃក្នុងថ្ងៃកាន់បិណ្ឌ៕