(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ បានចូលរួមពិធីសម្បថសច្ចាប្រណិធាន ដើម្បីបំពេញនីតិវិធី ជានគរបាលយុត្តិធម៌ នៅចំពោះមុខសាលាដំបូងរាជធានីភ្នំពេញ ដោយមានលោក លោកស្រីតំណាងក្រុមប្រឹក្សាសម្បថ និងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញជាអធិបតី។

សមាសភាពចូលរួមពិធីសម្បថរួមមាន៖ លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប អគ្គនាយករង លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ សរុបចំនួន៨៦រូប។

សូមបញ្ជាក់ថា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានអនុម័ត និងប្រកាសឱ្យប្រើជាការប្រញាប់តាមរយៈ ព្រះរាជក្រម លេខ នស/រកម/១១១៩/០១៦ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ មាត្រា២៩ កថាខណ្ឌទី១ បានចង្អុលបង្ហាញថា មន្ត្រីស៊ើបអង្កេត ត្រូវទទួលបាននីតិសម្បទា ជានគរបាលយុត្តិធម៌ ឱ្យពិនិត្យបទល្មើស ដែលមានចែងក្នុងច្បាប់នេះ ស្របតាមបទប្បញ្ញត្តិ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

ស្របតាមស្មារតីមាត្រា២៩ នៃច្បាប់នេះ មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម ចំនួន៥២៧រូប ត្រូវបានតែងតាំងជាមន្រ្តីស៊ើបអង្កេត តាមរយៈសេចក្តីសម្រេចលេខ ១៥៨ ពណ.អ.កបប.សសរ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ស្តីពីការតែងតាំងមន្ត្រីស៊ើបអង្កេត របស់ក្រសួងពាណិជ្ជកម្ម។

ម្យ៉ាងទៀត ដោយយោងលើកថា ខណ្ឌទី២ មាត្រា២៩ នៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ដែលចែងថា បែបបទ និងនីតិវិធីនៃការផ្តល់នីតិសម្បទា ចំពោះមន្ត្រីស៊ើបអង្កេត ត្រូវកំណត់ដោយ ប្រកាសអន្តរក្រសួង រវាងក្រសួងយុត្តិធម៌ និងក្រសួងពាណិជ្ជកម្ម ក្រសួងយុត្តិធម៌ និងក្រសួងពាណិជ្ជកម្ម បានសម្រេចផ្តល់នីតិសម្បទា ជានគរបាលយុត្តិធម៌ ដល់មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ចំនួន៥២៧រូប តាមរយៈប្រកាសអន្តរក្រសួងលេខ១៣៣ កយ.ពណ.ប្រក/២០ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ស្តីពី «ការផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌»។

មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដែលជានគរបាលយុត្តិធម៌ ត្រូវបានផ្តល់អាណត្តិ ដោយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ អនុវត្តការងារ ស្ថិតក្រោមវិសាលភាព នៃច្បាប់នេះ សំដៅកំណត់នូវវិធាន និងយន្តការ ដើម្បីរួមចំណែកបង្កើត បរិយាកាស នៃការធ្វើពាណិជ្ជកម្ម ការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ជំរុញឱ្យការធ្វើពាណិជ្ជកម្ម មានសុច្ចរិតភាព និងផ្តល់ទំនុកចិត្ត រវាងអ្នកប្រើប្រាស់ និងពាណិជ្ជករ៕