(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានស្នើដល់ស្មៀន និងមន្ត្រីបដិសណ្ឋារកិច្ច ត្រូវជំរុញការងារបម្រើសេវាសាធារណៈ និងអនុវត្តឲ្យបាន នូវអនុសាសន៍សម្តេចតេជោ ហ៊ុន សែន គឺ «ធ្វើឲ្យបាន ធ្វើឲ្យលឿន»។

មានន័យថា «យើងត្រូវកាត់ទម្លាប់យូរ ពី៣ថ្ងៃ ឲ្យមកនៅឆាប់បំផុត យ៉ាងយូរ១ម៉ោង ឬ៣០នាទី។ និត្យានុកូលកម្ម ដែលតម្រូវមិនឲ្យបង់ប្រាក់ គឺដាច់ខាត មិនត្រូវយក ប្រាក់។ បើមន្ត្រីណាធ្វើ ត្រូវទទួលខុសត្រូវដោយខ្លួនឯង»។ នេះមិនមែនជាការគំរាមទេ តែជាការតម្រង់ទិសដល់មន្ត្រី បម្រើសេវាសាធារណៈ ដើម្បីប្រសិទ្ឋភាពការងារ ។

លោក ចេង មុនីរ៉ា បន្តថា ស្មៀនដែលជាសេធិការរបស់សង្កាត់ សូមជួយពង្រឹងការងាររដ្ឋបាល ហើយជំរុញការផ្តល់សេវាសាធារណៈ ឲ្យកាន់តែល្អប្រសើរ ។

ការផ្តាំផ្ញើរបស់លោកអភិបាលខណ្ឌច្បារអំពៅនេះ ធ្វើឡើងនៅក្នុងពិធីផ្ទេរភារកិច្ច និងតែងតាំងស្មៀនបណ្ដោះអាសន្ន នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ និងមានការចូលរួមពី លោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ ដោយមានការចូលរួម ពីស្មៀនសង្កាត់ទាំង៨ និងមន្ត្រីខណ្ឌជាច្រើនរូបទៀត។

យោងតាមដីកា ស្ដីពីការផ្ទេរភារកិច្ច និងការតែងតាំងស្មៀនបណ្ដោះអាសន្ន នៃរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្លាស់ប្ដូរស្មៀនសង្កាត់ចំនួន ៦រូប នៃរដ្ឋបាលខណ្ឌច្បារអំពៅ ដែលក្នុងនោះមាន៖

* លោក នួន ចាន់វាសនា ស្មៀនសង្កាត់ព្រែកប្រា ឲ្យមកបម្រើការងារជាមន្ត្រីនៅរដ្ឋបាលខណ្ឌច្បារអំពៅ
* លោក សោម សុផល ពីស្មៀនសង្កាត់និរោធ ឲ្យបម្រើការងារជាមន្ត្រីនៅសាលាខណ្ឌច្បារអំពៅ
* លោកស្រី អ៊ុក ចិន្តា ពីស្មៀនសង្កាត់ច្បារអំពៅទី២ ឲ្យបម្រើការងារជាស្មៀនសង្កាត់ព្រែកប្រា
* លោក ឈាង រ៉ាវិន មានសង្កាត់ច្បារអំពៅទី២ ទៅបម្រើការងារជាស្មៀនសង្កាត់ច្បារអំពៅទី២
* លោក សម ពិសិដ្ឋ ពីស្មៀនសង្កាត់ព្រែកថ្មី ឲ្យទៅបម្រើការងារជាស្មៀនសង្កាត់និរោធ
* លោក ចាន់ បូរី ស្មៀនសង្កាត់ព្រែកឯង ឲ្យទៅបម្រើការងារជាស្មៀនសង្កាត់ព្រែកថ្មី។

ជាមួយគ្នានេះ ក៏មានការប្រកាសតែងតាំងស្មៀនសង្កាត់ចំនួន២រូបផងដែរ មានដូចជា លោក លឹម ហឿង ពីអនុប្រធានការិយាល័យ លេខាធិការក្រុមប្រឹក្សា ខណ្ឌច្បារ អំពៅ ឲ្យទៅបម្រើការងារជាស្មៀនសង្កាត់ច្បារអំពៅទី១, លោកស្រី សុផាត ស្រីវ៉ុន ពីអនុប្រធានអង្គភាពលទ្ធកម្ម ឲ្យទៅបម្រើការងារជាស្មៀនសង្កាត់ព្រែកឯង។

ក្រោយពីបានប្រកាសតែងតាំងមុខតំណែងរួចមក លោកស្រី សុផាត ស្រីវ៉ុន ស្មៀនសង្កាត់ព្រែកឯង បានធ្វើការប្ដេជ្ញាចិត្តដោយគោរព និងប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, គោរព និងប្រតិបត្តិតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីភ្នំពេញ ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលមានចែងជាធរមាន, គោរព និងប្រតិបត្តិតាមសេចក្ដីសម្រេចនានា របស់រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌច្បារអំពៅ ឲ្យមានតម្លាភាព និងគណនេយ្យភាព, រក្សាសាមគ្គីភាពផ្ទៃក្នុង ក្នុងជួរមន្ត្រីរាជការ និងខិតខំបំពេញការងារដែលថ្នាក់ដឹកនាំប្រគល់ជូន ឱ្យទទួលបានជោគជ័យ ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

នៅក្នុងឱកាសនេះដែរ លោក ចេង មុនីរ៉ា បានធ្វើការកោតសរសើរ អំពីការខិតខំអភិវឌ្ឍន៍មូលដ្ឋានរបស់មន្ត្រីសង្កាត់ និងការបម្រើសេវា ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកអភិបាលខណ្ឌច្បារអំពៅ បានបន្តថា ការផ្លាស់ប្តូរ កែសម្រួលភារកិច្ច របស់មន្ត្រីយើង គឺជាប្រពៃណីសម្រាប់មន្ត្រីយើងគ្រប់រូប ហើយក៏ជាការផ្ទេរមរតកការងារដ៏ល្អ សម្រាប់អ្នកបន្តវេនរបស់យើង។ ម៉្យាងទៀត ការកែសម្រួលភារកិច្ច និងតួនាទី គឺជាការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំ ក្នុងការពង្រឹងពង្រីកនូវវិសាលភាព ការងារបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរថែមទៀត។

លោក ចេង មុន្នីរ៉ា ក៏បានធ្វើការក្រើនរំលឹកដល់ មន្ត្រីដែលទើបចូលកាន់តំណែងថ្មីនេះ ត្រូវពង្រឹងសាមគ្គីភាពជាធ្លុងមួយ ក្នុងការងារបម្រើសេវា និងបន្តកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ឲ្យមានការរីចម្រើនបន្ថែមទៀត៕