(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយបញ្ជាក់ថា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ទទួលរង្វាន់ JIKJI នៃស្មារតីចងចាំពិភពលោក ឆ្នាំ២០២០ របស់អង្គការយូណេស្កូ។

ក្រសួងវប្បធម៌បានបញ្ជាក់ថា «កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ អង្គការយូណេស្កូពិភពលោក ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បានសម្រេចផ្តល់ រង្វាន់ JIKJI នៃស្មារតីចងចាំពិភពលោករបស់អង្គការយូណេស្កូ ដល់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង លើសមិទ្ធផលនៃការខិតខំប្រឹងប្រែង ក្នុងការអភិរក្សឯកសារ និងបណ្ណសាររូបថតដែលជាមរតក ឯកសារប្រវត្តិសាស្ត្រដ៏សំខាន់ សម្រាប់មនុស្សជាតិ»។

ក្រសួងបន្តថា ការសម្រេចផ្តល់រង្វាន់ JIKJI នេះ ធ្វើឡើងយ៉ាងម៉ត់ចត់បំផុតពីគណៈកម្មការវាយតម្លៃ ដែលជ្រើសរើសចេញពីគណៈកម្មាធិការ ទីប្រឹក្សាអន្តរជាតិនៃស្មារតីចងចាំពិភពលោក របស់អង្គការយូណេស្កូ។

ពាន់រង្វាន់ JIKJI នៃស្មារតីចងចាំពិភពលោករបស់អង្គការយូណេស្កូ ជារង្វាន់ដែលបានបង្កើត ដើម្បីរំលឹកដល់ខួបនៃការចុះបញ្ជីសៀវភៅ Buljo Jikji Sinche Yojeol ជាឯកសារបោះចេញពីពុម្ពអក្សរលោហៈផ្តុំគ្នាដែល នៅសល់ចាស់ជាងគេលើពិភពលោក នាអំឡុងពេលនៃកិច្ចប្រជុំប្រតិបត្តិ របស់អង្គការយូណេស្កូកាលពីខែមេសា ឆ្នាំ២០០៤។

គោលបំណងនៃការបង្កើតកម្មវិធីនេះឡើង គឺដើម្បីចូលរួមលើកស្ទួយ និងលើកទឹកចិត្តដល់បុគ្គល ឬស្ថាប័នដែលបានខិតខំ គាំពារ និងថែរក្សាមរតកឯកសារ ដោយផ្តោតលើទិសដៅអប់រំបណ្ដុះបណ្ដាល ការផ្សព្វផ្សាយ និងការចែករំលែកចំណេះដឹងដល់ ប្រជាពលរដ្ឋគ្រប់ជាតិសាសន៍និងគ្រប់វ័យ។ រង្វាន់ JIKJI នៃស្មារតីចងចាំពិភពលោករបស់អង្គការយូណេស្កូ បានផ្តល់ជូនបុគ្គល និងស្ថាប័នសាធារណៈ នារៀងរាល់២ឆ្នាំម្ដង។

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាប័នទី៨ ដែលទទួល បានរង្វាន់ប្រចាំឆ្នាំ២០២០។ មូលដ្ឋានសំខាន់ក្នុងការផ្តល់រង្វាន់ គឺផ្អែកទៅលើការថែរក្សាអភិរក្សឯកសារ បណ្ណសាររូបថត និងការរៀបចំប្រព័ន្ធទិន្នន័យរួមមួយ ដែលផ្តល់ភាពងាយស្រួលដល់សាធារណជន ក្នុងការស្វែងរកឯកសារ។

ក្រសួងវប្បធម៌បន្ថែមថា ការផ្តល់រង្វាន់នេះ ជាសក្ខីភាពមួយបង្ហាញពីស្មារតី នៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សហការជាមួយដៃគូអន្តរជាតិនានា ក្នុងការថែរក្សាឯកសារទុកជាភស្តុតាង សម្រាប់មនុស្សជាតិទាំងមូលសិក្សារៀនសូត្រ ដើម្បីការពារកុំឱ្យអំពើប្រល័យពូជសាសន៍ កើតឡើងសាជាថ្មីក្នុងប្រទេសកម្ពុជានិងពិភពលោក៕