(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់, លោកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្ត និងលោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជាគណៈអធិបតី ក្នុងសិក្ខាសាលាស្តីពី ការកសាងអាជីវកម្មប្រកប ដោយភាពជោគជ័យ នៅខេត្តពោធិ៍សាត់។

ពិធីនេះ ប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្ត ដោយបានការអញ្ជើញចូលរួមពីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ខេត្ត អង្គភាពពាក់ព័ន្ធ និងម្ចាស់អាជីវកម្មជាច្រើនរូបទៀត។

លោកឧកញ៉ា តែ តាំងប៉ បានថ្លែងថា ដោយមើលឃើញថា សហគ្រាសធុនតូច និងមធ្យមមានច្រើនកម្ពុជា ដែលកំពុងត្រូវការចំណេះដឹងថ្មីៗ ក៏ដូចជាត្រូវការ ការជួយជ្រោមជ្រែងបន្ថែមទៀត ទាំងផ្នែកបច្ចេកទេស ផ្នែកទីផ្សារ ធនធានហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់ និងអភិវឌ្ឍអាជីវកម្មរបស់ពួកគាត់នោះ លោកក៏បានសហការ យ៉ាងមុតមាំជាមួយដៃគូជាច្រើន ដើម្បីរៀបចំឱ្យមានអង្គសិក្ខាសាលានេះឡើង ដែរនេះជាខេត្តទី៣ហើយ ដែលបានរៀបចំសិក្ខាសាលា និងបន្តទៅខេត្តដ៏ទៃផ្សេងទៀត។

លោកសង្ឃឹមយ៉ាងមុតមាំថា សហគ្រាសធុនតុច និងមធ្យម ដែលមានវត្តមាននៅក្នុងអង្គសិក្ខាសាលាថ្ងៃនេះ នឹងយកចិត្តទុកដាក់ក្នុងការស្តាប់ រៀនសូត្រនូវចំណេះដឹងថ្មីៗបន្ថែមទៀត ពីអង្គសិក្ខាសាលា ហើយក្រោយពីបានទទួលការបណ្តុះបណ្តាល ក្នុងកម្មវិធីពេញមួយថ្ងៃនេះ សហគ្រាសធុនតូច និងមធ្យមទាំងអស់ នឹងទទួលបានចំណេះដឹងថ្មីបន្ថែមទៀត ដើម្បីពង្រឹងសម្ថភាពរបស់ខ្លួន ក្នុងការអភិវឌ្ឍការងារធុរៈកិច្ចរបស់ខ្លួនកាន់តែរីកចម្រើនថែមទៀត។
រាជរដ្ឋាភិបាលបានផ្ដួចផ្ដើម នូវការបង្កើតគម្រោងសហហិរញ្ញប្បទាន សម្រាប់សហគ្រាសធនតូច និងមធ្យមនៅកម្ពុជា។ គម្រោងសហហិរញ្ញប្បទាននេះ មានទំហំទឹកប្រាក់ ១០០លានដុល្លារ ក្នុង៥០លានដុល្លារ ចូលរួមដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង ៣៣ និង៥០លានដុល្លារទៀត បានពីធនាគារសហគ្រាសធុនតូច និងមធ្យម។ គម្រោងសហិរញ្ញប្បទាន មានគោលបំណង ដោះស្រាយបញ្ហាប្រឈមនានា ដែលរងប៉ះពាល់ដោយសារវិបត្តកូវីដ១៩ ។

លោក កែវ រិទ្ធី ប្រធានសាខាសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមខេត្តពោធិ៍សាត់ ដែលទើបទទួលការតែងតាំងថ្មី បានថ្លែងថា វិស័យសហគ្រាសធុនតូច និងមធ្យមកម្ពុជា គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយត្រូវការជាចាំបាច់ ឲ្យប្រមុខរាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជួយជ្រោមជ្រែងគិតគូរ ទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងទីផ្សារ ធ្វើយ៉ាងណាឱ្យផលិតផលមានគុណភាពខ្ពស់ តម្លៃដើមទាប ដើម្បីងាយស្រួលប្រគួតប្រជែងចូលទីផ្សារអន្តរជាតិ។ ជាកម្លាំងចលកររួមចំណែកជួយជំរុញ ដល់វិស័យសេដ្ឋកិច្ចជាតិ ឲ្យមានការរីកចម្រើន។

លោកបន្តទៀតថា ដោយសារសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បច្ចុប្បន្នមានបញ្ហាប្រឈមច្រើន ហើយម្ចាស់សហគ្រាសមួយចំនួន ចំណេះដឹងរបស់ពួកគាត់ នៅមានកម្រិត ដែលធ្វើឲ្យពួកគាត់ពិបាករៀបចំគ្រប់គ្រងហិរញ្ញវត្ថុ ឲ្យមានប្រសិទ្ធិភាព ផលិតផលពួកគាត់នៅមិនទាន់សមស្របនឹងទីផ្សាជាដើម។ ជាពិសេសទៅទៀតនោះ វិស័យសហគ្រាសធុនតូច និងមធ្យម ភាគច្រើនមិនអាចទាន់ចេះរៀបចំឯកសារផ្សេងៗបាននោះទេ ដែលជាហេតុធ្វើ ឲ្យពួកគាត់មិនមានលទ្ធភាព ក្នុងការទទួលបានហិរញ្ញប្បទាន ដើម្បីពង្រីកអាជីវកម្មបន្ថែមទៀត។

លោកថា ដោយសារកត្តាទាំងនេះហើយ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានគៀងគរថវិការជាមួយក្រុមហ៊ុន Metfone, ធនាគារឯកទេស Wing, អង្គការតម្លាភាពកម្ពុជា, ធនាគារ Prince, ក្រុមហ៊ុន Bs Land and Home និងដៃគូរជាច្រើនទៀត ដើម្បីគ្រោងនឹងរៀបចំសិក្ខាសាលាទូទាំង២៥រាជធានីខេត្តក្រុង ដោយមិនយកកម្រៃ ក្នុងគោលបំណងឱ្យពួកគាត់យល់ដឹងអំពីការរៀបចំផែនការអាជីវកម្ម ផែនការហិរញ្ញវត្ថុ ក៏ដូចជាការធ្វើឱ្យផលិតផលរបស់ពួកគាត់ សមស្របទៅនឹងទីផ្សា ទាំងតម្លៃ និងគុណភាព ហើយក៏ដើម្បីជម្រុញក្នុងការទទួលបានហិរញ្ញប្បទាន ដើម្បីពង្រីកអាជីវកម្ម ពិសេសហិរញ្ញប្បទានពីធនាគារ សហគ្រាសធុនតូច និងមធ្យម។

លោក ម៉ៅ ធនិន អភិបាលខេត្ត មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការលើកទឹកចិត្តដល់សហគ្រិនទូទាំងប្រទេស បង្កើតផែនការយុទ្ធសាស្ត្រទ្រទ្រង់ដល់វិស័យសហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្ដល់ហិរញ្ញប្បទាន និងដៃគូរចូលរួមសហការ ដោយគិតអត្រាការប្រាក់ទាបដល់សហគ្រាស ផលិតកម្មទាំងអស់ទូទាំងប្រទេស ដើម្បីពង្រឹងសមត្ថភាពសង្វាក់ផលិតកម្ម ឱ្យមានគុណភាពតាមលក្ខណៈស្ដង់ដាទីផ្សាអន្តរជាតិ បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្ររបស់ប្រទេសជាតិ និងបង្កើតឱកាសការងារដល់កម្មករឲ្យមានការងារធ្វើ និងជម្រុញវិស័យសេដ្ឋកិច្ចជាតិ ឱ្យមានការរីកចម្រើនជាលំដាប់។

លោកបានកោតសរសើរវិស័យឯកជន ពាណិជ្ជករ នៅក្នុងខេត្តពោធិ៍សាត់យើងមានការសាមគ្គីគ្នាល្អណាស់ បើកបេះដូងទួលាយចូលរួមនៃវប្បធម៌ចែករំលែក គឺអ្នកមានច្រើនជួយអ្នកមានតិច និងអ្នកមានតិចជួយអ្នកអត់មាន៕