(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបានអនុម័តទាំងស្រុងហើយលើសេចក្តី «សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ» នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ។

អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សរសេរកាត់ថា អ.ស.ហ មានឯករាជ្យភាពក្នុងការបំពេញមុខងាររបស់ខ្លួន ដោយធ្វើសមាហរណកម្មយន្តការនៃការគ្រប់គ្រង និងត្រួតពិនិត្យលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ មានជាអាទិ៍ វិស័យធានារ៉ាប់រងនិងសោធនឯកជន វិស័យមូលបត្រ វិស័យសន្តិសុខសង្គម វិស័យបរធនបាលកិច្ច វិស័យគណនេយ្យនិងសវនកម្ម និងវិស័យអចលនវត្ថុ វិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ធ្វើឡើងដើម្បីធ្វើសមាហរណកម្មយន្តការ នៃការគ្រប់គ្រង និងត្រួតពិនិត្យលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ មានជាអាទិ៍ វិស័យធានារ៉ាប់រងនិងសោធនឯកជន វិស័យមូលបត្រ វិស័យសន្តិសុខសង្គម វិស័យបរធនបាលកិច្ច វិស័យគណនេយ្យ និងសវនកម្ម និងវិស័យអចលនវត្ថុ វិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន។

សេចក្តីព្រាងច្បាប់នេះ បង្កើតឡើងក្នុងគោលបំណងពង្រឹង និងធានាប្រសិទ្ធិភាពនៃការគ្រប់គ្រងត្រួតពិនិត្យ និងអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុមិនមែនធនាគារ រួមទាំងការលើកកម្ពស់ការអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អត្ថប្រយោជន៍ នៃការតាក់តែងសេចក្តីព្រាងច្បាប់នេះ មានជាអាទិ៍៖
* ឆ្លើយតបនឹងការវិវឌ្ឍនៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលទាមទារឱ្យមានការពង្រឹងយន្តការស្ថាប័ន
* បញ្ញត្តិករតែមួយអាចមើលឃើញពីទិដ្ឋភាពរួមនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុទាំងមូល ជាពិសេស នៅពេលស្ថាប័នហិរញ្ញវត្ថុធ្វើពិពិធកម្មសេវាហិរញ្ញវត្ថុទៅកាន់វិស័យហិរញ្ញវត្ថុផ្សេងៗទៀត អាចធានាបាននូវសង្គតិភាពនៃការដាក់ចេញបទប្បញ្ញត្តិ និងអាចកាត់បន្ថយភាពចន្លោះប្រហាងក្នុងបទប្បញ្ញត្តិ (Regulatory Arbitrage)។
* បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងវិស័យនីមួយៗ ដែលនឹងស្ថិតក្រោមស្ថាប័នតែមួយ តាមរយៈការបែងចែកព័ត៌មាន និងការសម្របសម្រួលក្នុងការដាក់ចេញបទប្បញ្ញត្តិឆ្លងវិស័យ
* អាចកាត់បន្ថយចំណាយ (បុគ្គលិក ពេលវេលា សម្ភារ) តាមរយៈការទាញយកអត្ថប្រយោជន៍ពីសហថាមភាព (Synergy) នៃការដាក់ស្ថាប័ននិយ័តករឱ្យស្ថិតនៅក្រោមបញ្ញត្តិករតែមួយ។

បើតាមលោក ផៃ ស៊ីផាន នៅពេលច្បាប់នេះចូលជាធរមាន រាជរដ្ឋាភិបាល នឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពង្រឹង និងធានាបាននូវប្រសិទ្ធិភាព នៃការគ្រប់គ្រងត្រួតពិនិត្យ និងអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុមិនមែនធនាគារ រួមទាំងការលើកកម្ពស់ការអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។ ច្បាប់មានវិសាលភាព អនុវត្តចំពោះរាល់ប្រតិបត្តិការនៅក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារនៅកម្ពុជា៕